ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ថ្លែងសម្ដែងការកោតសរសើរចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបានដឹកនាំក្រសួងទេសចរណ៍រយៈពេល៥ខែកន្លងមកនេះឱ្យសម្រេចបានសមិទ្ធផលជាច្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានសម្ទុះសក្ដានុពលទៅមុខបន្ថែមទៀត។
– សម្ដេចធិបតី ថ្លែងអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ដែលសម្ដេចតេជោ ដឹកនាំស្វែងរកបានដោយលំបាកទម្រាំមានថ្ងៃនេះ ខណៈបើគ្នានសន្ដិភាព កម្ពុជាក៏មានអាចមានភ្ញៀវទេសចរមកទស្សនាដែរ។
– សម្ដេចធិបតី ថ្លែងសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងទេសចរណ៍សម្រេចបានក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ លើវិស័យទេសចរណ៍កម្ពុជា។
- ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវពាក្យស្លោកបន្ថែមថា «ទេសចរណ៍រីកលូតលាស់នៅក្នុងសន្ដិភាព»។
-សម្ដេចធិបតី បានមានប្រសាសន៍ដាក់បន្ថែមពាក្យស្លោក«ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» លើពាក្យស្លោកដែលមានពីមុនគឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍»។
– សម្ដេចធិបតី ថ្លែងថា៖«ពលរដ្ឋម្នាក់គឺជាភ្ញាក់ងារផ្សព្វផ្សាយទេសចរណ៍មួយរូប»។ សម្ដេចលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមអ្នកបង្កើតមាតិកានានា ចូលរួមផ្សព្វផ្សាពីសក្ដានុពលទេសចរណ៍កម្ពុជាឱ្យបានច្រើនទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវសទេសចរមកទស្សនាកម្ពុជា។
– សម្ដេចធិបតី ថ្លែងថា ផលិតផល ក្នុងវិស័យទេសចរណ៍ ក៏ដូចទៅនឹងការធ្វើស្រែដែរ គឺមិនអាចរកចាំតែទឹកភ្លៀងទេ ប៉ុន្ដែត្រូវមានការកែច្នៃ ដើម្បីធ្វើយ៉ាងណាទាក់ទាញទេសចរបរទេសនានាមកទស្សនាកម្ពុជាឱ្យបានច្រើនគ្រប់រដូវកាល ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍សម្រាប់ទេសចរក្នុងស្រុក។
– សម្ដេចធិបតី ថ្លែងជំរុញដល់ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ភាពយន្ត ដោយដៅ គោលដៅណាមួយជាគោលដៅសម្រាប់ថតកុន រៀបកញ្ចប់សេវាល្អ និងការសម្របសម្រួលតម្លៃសមរម្យសម្រាប់ការអនុវត្តការងារនេះឱ្យបានល្អ។
- សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានប្រឹងប្រែងទាក់ទាញទេសចរ ណ៍តាមរយៈការបញ្ចុះតម្លៃទិដ្ឋាការ(Visa) ដែលធ្វើឱ្យរដ្ឋបាត់ចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ ក្រៅពីនេះក៏បានដាក់ចេញនូវវិធានជាច្រើនទៀតដូចជាដាក់ឱ្យដំណើរការប្រព័ន្ធ E-Visa និង E-Arrival បង្កើតព្រឹត្តិការណ៍សៅលិញ ដើម្បីទាក់ទាញទេសចរណ៍ និងព្រឹត្តិការណ៍ Gumball 3000 រួមទាំងកែសម្រួលលក្ខខណ្ឌថតរូបនៅតាមទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រនានាជាដើម។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើឱ្យកែសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីប្រទេសនានាអាចចូលមកថតភាពយន្ត និងថតផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ពិសេសតំបន់រមណី យដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីបង្កើនការទាក់ទាញទេសចរតាមរយៈភាពយន្ត និងការផ្សព្វ ផ្សាយពាណិជ្ជកម្មនានា។
-សម្ដេចធិបតី បានស្នើឱ្យមានសកម្មភាពទេសចរណ៍ពេលរាត្រីនៅតាមទីសាធារណៈនៅតាមរាជធានីខេត្តនានា ដើម្បីបង្កើនការទាក់ទាញទេសចរ។ សម្ដេចធិបតីបានផ្ដល់ជាឧទាហរណ៍ថា នៅលានជល់ដំរីក្នុងខេត្តសៀមរាប គួររៀបចំសកម្មភាពកម្សាន្តនៅពេលរាត្រី ដើម្បីបង្កើនការទាក់ទាញទេសចរដែលចេញមកពីមើលប្រាសាទនានា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា សកម្មភាពទេសចរណ៍ពេលរាត្រីនេះ វិស័យឯកជនចូលរួមធ្វើក៏បាន។
– សម្ដេចធិបតី ថ្លែងណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់កុំមើលស្រាលរឿងរ៉ាវតូចតាចលើវិស័យទេសចរណ៍ឱ្យសោះ ខណៈដែលបញ្ហាតូចក៏អាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាបានដែរ ជាពិសេសបញ្ហាសេវាកម្ម សន្ដិសុខ សណ្ដាប់ធ្នាប់ជាដើមនៅតាមតំបន់ទេសចរណ៍។
– សម្ដេចធិបតី ថ្លែងជំរុញដល់ឯកអគ្គរាជទូតកម្ពុជានានានៅបរទេសជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរមកទស្សនាកម្ពុជា។
-សម្ដេចធិបតី បានស្នើដល់មន្ត្រីការទូតកម្ពុជានៅតាមបណ្ដាប្រទេសនានាទាំងអស់ឱ្យបង្កើនការផ្សព្វផ្សាយពីទេសចរណ៍ និងសុខសុវត្ថិភាពនៅកម្ពុជា។ សម្ដេចធិបតី បញ្ជាក់បន្ថែមថា កម្ពុជាមានចំណុចវិជ្ជមានច្រើន ហើយចំណុចអវិជ្ជមានគឺមានតិចតួចដែលរាជរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ ដោះស្រាយ និងបង្ក្រាបជានិច្ច។
– សម្ដេចធិបតី ប្រកាសលើកទឹកចិត្តដល់អ្នកបង្កើតមាតិកា យុវជន តារាសម្ដែង និងបណ្ដាញសារព័ត៌មាន បន្តចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ សម្ដេចបានសម្ដែងការអរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិខ្មែរ និងតំបន់ទេសចរណ៍កម្ពុជា។
-សម្ដេចធិបតី បានស្នើឱ្យមាន ការត្រួតពិនិត្យចំពោះមគ្គទេសក៍(អ្នកនាំភ្ញៀវ)ទេសចរណ៍មានភាពច្បាស់លាស់ចំពោះការបកស្រាយប្រវត្តិសាស្ត្រខ្មែរ ប្រាប់ដល់ទេសចរបរទេស។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ប្រទេសផ្សេងអាចមិនមានការរឹតបន្តឹងលើការបកស្រាយ ប្រវត្តិសាស្ត្រនេះ តែចំពោះកម្ពុជា ចំពោះសម្ដេចផ្ទាល់ គឺត្រូវតែមានការពិនិត្យឱ្យបានហ្មត់ចត់ចំពោះ ការបកស្រាយប្រវត្តិសាស្ត្រនេះ ដើម្បីរួមគ្នាការពារ រួមគ្នាអភិរក្សតម្លៃប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរ។
– សម្ដេចធិបតី ថ្លែងឱ្យពិនិត្យឱ្យបានរួចរាល់ជុំវិញបច្ចេក ទេសនានាលើការផ្ទេរប្រព័ន្ធនានាពីព្រលានយន្តហោះចាស់ទៅព្រលានយន្តហោះថ្មីឱ្យបានរួចរាល់ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនត្រូវរួមកម្លាំងគ្នា ធ្វើយ៉ាងណាដើម្បីបង្កើនការទាក់ទាញទេសចរមកកម្សាន្តនៅកម្ពុជា។
– សម្ដេចធិបតី ថ្លែងថា កុំខ្លាចរំខានសម្ដេចចំពោះការអញ្ចើញចូលរួមកិច្ចប្រជុំនៅតាមក្រសួង ស្ថាប័ន ដើម្បីវះកាត់លើគោលនយោបាយណាមួយដែលជាប់គាំង ខណៈសម្ដេចត្រូវតែហានវះកាត់ដើម្បីឈានទៅសម្រេចគោលដៅសមិទ្ធផលជាតិ និងប្រជាពលរដ្ឋ។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ឡើងវិញថា សម្ដេចមិនបានប្រកាសឱ្យបញ្ឈប់សាលាជំនាន់ថ្មីទេ គឺបញ្ឈប់តែមជ្ឈមណ្ឌលសិក្សាទំនើបមួយប៉ុណ្ណោះ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា សាលាជំនាន់ថ្មីមិនមានបិទ ឬ លុបចោលនោះទេ គឺមានតែបង្កើនចំនួនសាលាបន្ថែម។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា សាលាជំនាន់ថ្មីជាសាលារបស់រដ្ឋ ចំណាយថវិកាដោយរដ្ឋ។ សម្ដេចធិបតីបន្ថែមថា អ្វីដែលត្រូវបញ្ឈប់ គឺម្ដាយឪពុក អាណាព្យាបាលរបស់សិស្សដែលរៀននៅសាលាជំនាន់ថ្មី គឺលែងតម្រូវឱ្យបង់ថ្លៃសិក្សាដូចមុនទៀត ឡើយ តែពួកគាត់អាចបង់វិភាគទានដោយស្ម័គ្រចិត្តលើការងារណាមួយ តាមការសម្រេចរបស់ឪពុក ម្ដាយ ឬ អាណាព្យាបាលរបស់សិស្សទាំងនោះបាន។
ជាមួយគ្នានេះ បើតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន ៦ ចំណុចដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ក្នុងនោះមានដូចជា កិច្ចសហការជា មួយក្រសួងស្ថាប័ននានានៅថ្នាក់ជាតិ, សហការជាមួយស្ថាប័ននៅថ្នាក់ក្រោមជាតិ, វិស័យឯកជនទាំង ក្នុងប្រទេស និងក្រៅប្រទេស, ស្ថានទូតនានាប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍នៅកម្ពុជា ស្ថានទូតកម្ពុជាប្រ ចាំនៅប្រទេសនានារួមទាំងអង្គការដៃគូសហការអន្តរជាតិនានា, អ្នកសារព័ត៌មានរួមទាំងអ្នកផលិតមា តិកា, និងទី៦ គឺរូបវន្តបុគ្គលដែលជាអ្នកចូលរួមផ្សព្វផ្សាយទេសចរណ៍ស្របតាមពាក្យស្លោក«មនុស្សម្នាក់ ជាអ្នកផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាម្នាក់»។
-លោក ហួត ហាក់ បន្តថា វិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡាដែលត្រូវការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដោយឈរលើ «អភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ» ស្របតាមទិសស្លោក “ទេសចរណ៍ ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ដើម្បីទេសចរណ៍»។
-លោក ហួត ហាក់ បានឱ្យដឹងថា អង្គសន្និបាតរបស់ក្រសួងទេសចរណ៍នៅពេលនេះ បានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានកាន់តែច្រើនថែមទៀត ដោយបន្ថែមការរៀប ចំបុណ្យទន្លេ បុណ្យសមុទ្ទ និងឈានទៅការរៀបចំបុណ្យទេសចរណ៍តំបន់ភ្នំ ទេសចរណ៍សាសនា ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍វត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីបង្កើនការទាក់ទាញទេសចរមកកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
-លោល ហួត ហាក់ បានឱ្យដឹងថា ក្រសួងទេសចរណ៍បានដឹកនាំរៀបចំយុទ្ធនាការសំខាន់ៗចំនួន៣ក្នុងឆ្នាំ២០២៤ រួមមាន៖ យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤” យុទ្ធនាការ «ឆ្នាំនៃការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និងយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»។
-លោក ហួត ហាក់ បានឱ្យដឹងថា វឌ្ឍនភាពនៃការគ្រប់គ្រង និងការសម្រួលការធ្វើដំណើរ កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ក្នុងការកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង ប្រព័ន្ធអេកូឡូស៊ីតែមួយរបស់រាជរដ្ឋាភិបាល និងបានបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិច (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)។ ពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការក្នុងការបោះពុម្ពទិន្នន័យ និង QR Code សម្រាប់បិទលើសន្លឹកលិខិតឆ្លងដែនជនបរទេស ជំនួសឱ្យការប្រើប្រាស់សន្លឹកទិដ្ឋាការស្អិត និង/ឬការប្រថាប់ត្រាជំនាញអន្តោប្រវេសន៍។
-លោក ហួត ហាក់ បានបញ្ជាក់ថា អង្គសន្និបាតក្រសួងទេសចរណ៍បានស្នើសុំរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការសម្រាប់ពង្រឹងស្ថានភាពទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ខាងមុខ ដោយគោរពស្នើសុំរៀបចំកម្មវិធីលើកទឹកចិត្តសម្រាប់ជំរុញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ក្នុងស្រុក កញ្ចប់ទស្សនកិច្ចសម្រាប់សិស្ស-និស្សិត, កម្មករ-កម្មការិនី, បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុទ្ធនាការបញ្ចុះថ្លៃសេវាកម្មទេសចរណ៍។
– លោក ហួត ហាក់ បានឱ្យដឹងថា អង្គសន្និបាតក្រសួងទេសចរណ៍បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់វិស័យទេសចរណ៍ទៅក្នុងសេដ្ឋកិច្ចជាតិ ក្នុងនោះក្នុងឆ្នាំ២០២៣, ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣.
០៨៣ លានដុល្លារ, ក្នុងឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣.៦៣៧ លានដុល្លារ ដោយរួមចំណែកប្រមាណ ៩.៤% នៃផលិតផលក្នុងស្រុកសរុប។
-លោក ហួត ហាក់ បានបង្ហាញថា តាមការព្យាករណ៍ក្នុងឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥.១០០ លានដុល្លារអាម៉េរិក ដោយរួមចំណែកប្រមាណ១០.៥% នៃផលិតផលក្នុងស្រុកសរុប។ អង្គសន្និបាតបានវាយតម្លៃខ្ពស់ពីស្ថានភាពកញ្ចប់ទស្សនកិច្ចក្នុងឆ្នាំ២០២៤ និងមានសុទិដ្ឋិនិយមចំពោះឆ្នាំ២០២៥។
-លោក ហួត ហាក់ បានឱ្យដឹងថា តាមរយៈការជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ខេត្តមណ្ឌលគិរី, ខេត្តកែប, ផែនការអភិវឌ្ឍទេសចរណ៍នៅថ្នាក់ក្រោមជាតិ និងផែនការអភិវឌ្ឍ ទេសចរណ៍មូស្លីម, ក្រសួងទេសចរណ៍ក៏បាននឹងកំពុងរៀបចំកសាងផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍, សេចក្តីព្រាងគោលនយោបាយទេសចរណ៍ពិសិដ្ឋ ដែលមានគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងភាពធន់ និរន្តភាព និងបរិយាបន្ន។
-លោក ហួត ហាក់ បានឱ្យដឹងថា អង្គសន្និបាតនៅពេលនេះបានសាទរចំពោះជោគ ជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើង(Walk Street)ទេសចរណ៍នៅភ្នំពេញ ដែលបានទាក់ទាញទេសចរជាច្រើនទៅដើរលេងកម្សាន្ត។ អង្គសន្និបាតក៏បានស្នើដល់ខេត្តដទៃពិចារណារៀបចំឱ្យមានផ្លូវថ្មើរជើងទេសចរណ៍ដូចនៅភ្នំពេញ និងផាប់ស្ទ្រីត(Pub Street)នៅសៀមរាប ដើម្បីបង្កើនការទាក់ទាញទេសចរទៅកម្សាន្តនៅតាមបណ្ដាខេត្តទាំងនោះបន្ថែមទៀត។
-លោក ហួត ហាក់ បានជម្រាបសម្ដេចធិបតីថា អង្គសន្និបាតក្រសួងបានគោរពស្នើសុំការផ្តល់ការអនុញ្ញាតជាគោលការណ៍លើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ ដោយអនុវត្តរយៈពេល ៣ខែ ក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៥)៕ដោយ៖តារា