ភ្នំពេញ ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន ម៉ាណែត ឱ្យពិនិត្យឱ្យបានហ្មត់ចត់ការលក់ ភេសជ្ជៈផ្អែម តាមសាលា ខណៈកំណើនទឹកនោមផ្អែមលើកុមារ មានច្រើននៅមន្ទីរពេទ្យ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការព្រួយបារម្ភដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ។
សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ទឹកប៉ូវវកម្លាំង មិនមែនសម្រាប់ក្មេងៗនោះទេ ដែលនេះ គឺជារឿងមួយត្រូវប្រកាសអាសន្ន ហើយរឿងនេះ គឺជាបញ្ហារយៈពេលវែងសម្រាប់យើង ។បើសិនជាមានជំងឺទឹកនោមផ្អែមហើយ គឺជាបន្ទុក មិនមែនជាទ្រព្យទេ ។
សម្ដេចបវរធិបតី ក៏បានសុំឱ្យឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកលក់ គិតគូរពីភេសជ្ជៈផ្អែមនេះផង ដោយទៅមើលពេទ្យ គន្ធបុប្ផា មានក្មេងៗច្រើនណាស់ ដែលកើតជម្ងឺនេះ ហើយនេះ គឺពាក់ព័ន្ធទៅនឹងការយល់ដឹង របស់ឪពុកម្ដាយដែរ ។
សម្ដេចបវធិបតី បានរំលឹកថា ថ្ងៃមុន សម្ដេច បានជួបគ្រូពេទ្យម្នាក់នៅសិង្ហបុរី ដោយគ្រូពេទ្យ បានប្រាប់ថា សូមសង្កេតមើលប្រទេសកំពុងអភិវឌ្ឍន៍ថ្មីៗ គឺមនុស្សអាយុ ៣០ ទៅ ៤០ឆ្នាំ មានទឹកនោមផ្អែម ហើយយើងគិតថា ដោយសារមនុស្សអាយុប៉ុណ្ណឹង បានចេះផឹក បានមានជំងឺទឹកនោមផ្អែម ។ តែការពិត មិនមែននោះទេ គឺតាំងពីក្មេង ដោយជួនកាល ពេលនៅក្មេង ឪពុក ម្ដាយ ចង់ឱ្យកូនផឹកទឹកដោះគោ ដើម្បីលូតឆ្អឹង ប៉ុន្តែកូនមិនព្រមផឹកទឹកដោះគោសាប អញ្ចឹងត្រូវទិញទឹកដោះគោមានជាតិស្ករឱ្យក្មេងៗផឹក ដើម្បីលួង ដែលនេះជាបញ្ហា ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងចង់បានមួយជ្រុង ឱ្យក្មេងលូតឆ្អឹង ប៉ុន្តែ ពេលជាមួយគ្នា យើងដាក់ជាតិស្ករ ទៅក្នុងខ្លួនក្មេង ។ សម្ដេចក៏បានលើកឧទាហរណ៍ថា កូនរបស់សម្ដេច ក៏ចូលចិត្តណាស់ជាតិផ្អែមហ្នឹង តាំងពីក្មេង ហើយយើងប្រាប់ មិនស្ដាប់នោះទេ ទាល់តែពេទ្យប្រាប់ ទើបស្ដាប់ ៕
ដោយ ៖ សិលា