នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការគាំទ្រចំពោះការថតខ្សែភាពយន្ដនៅលើទឹកដីអង្គរ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការគាំទ្រចំពោះការថតខ្សែភាពយន្ដនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្ដបរទេស ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ពិសេសវិស័យទេសចរណ៍ ដោយមិនចាំបាច់ចំណាយលុយជួលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឲ្យផ្សាយពីកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជួយសម្រួលតាមគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនភាពយន្ដបរទេស អាចធ្វើសកម្មភាពបាន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅមានការថតពាក់ព័ន្ធអនឡាញធ្វើឲ្យប៉ះពាល់ដល់កម្ពុជា តែយើងត្រូវថតឲ្យច្រើនវិញដើម្បីផ្សព្វផ្សាយថាកម្ពុជាសុវត្ថិភាព ថតឲ្យច្រើនដើម្បីបង្ហាញនូវទឹកដីដ៏ល្អ ប្រជាជនដ៏ល្អរបស់យើង ហើយលើកទឹកចិត្តប្រសិនបើក្រុមហ៊ុនគេចាប់អារម្មណ៍មកហើយ យើងមិនចាំបាច់ជួលគេរាប់សែនដុល្លារដើម្បីហៅគេមកទេ គេជិះយន្ដមកហើយយើងគ្រាន់តែសម្រួលឲ្យល្អទៅ។ សូមឲ្យក្រសួង ស្ថាប័នទាំងអស់ពិនិត្យមើល»។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការដើម្បីជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ក៏ដូចជា ការថតស្ប៉តពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដែលទាំងអស់នេះ នឹងជំរុញការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print