ប្រទេសទីម័រឡេស្តេ ៖ កាលពីរសៀលថ្ងៃទី ១៩ ខែ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញត្រួតពលនៅវិមានរដ្ឋាភិបាលនៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលទទួលបដិសណ្ឋារកិច្ច យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតដោយ លោកនាយករដ្ឋមន្រ្តី Rui Maria de Aruajo ។
ថ្ងៃនេះមានឯកសារសំខាន់ៗ៣ដែលត្រូវបានចុះហត្ថលេខានៅក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី កម្ពុជា និងទីម័រឡេស្ត: ១)កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច ២)កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ និង ៣)អនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃវិស័យការងារ។
ក្រោយពីពិធីចុះហត្ថលេខាបានបញ្ចប់ ប្រមុខដឹកនាំនៃប្រទេសទាំងពីបានធ្វើសន្និសីទកាសែតរួមគ្នា ដែលបានបញ្ជាក់នូវទំនាក់ទំនងមិត្តភាព និងសហប្រតិបតិបត្កិការរួមលើវិស័យមួយចំនួនដូចជា វិស័យ កសិកម្ម ពាណិជ្ជកម្ម រ៉ែនិងថាម (អណ្តូងប្រេង) ។ នាយករដ្ឋមន្រ្តីទីម័រឡេស្តបានថ្លែងអំណរគុណដល់ សម្តេចតេជោ ដែលបានគាំទ្រ និងជួយជំរុញប្រទេសខ្លួនដើម្បីឆាប់បានចូលជាសមាជិកអាស៊ាន និង សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO)។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានសម្រេចផ្តល់ អាហារូបករណ៌១០កន្លែងដល់និស្សិតទីម័រឡេស្តេទៅសិក្សានៅកម្ពុជា ព្រមទាំងបានអញ្ជើញនាយករដ្ឋ រដ្ឋមន្រ្តីទីម័រឡេស្តេទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF) និងទស្សនៈកិច្ចផ្លូវការ នៅកម្ពុជា នៅឆ្នាំ ២០១៧ ខាងមុខនេះផងដែរ។
នៅរាត្រីនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអញ្ជើញចូលរួម ពិធីលៀងសាយភោជន៍ដែលរៀបចំដោយនាយករដ្ឋមន្រ្តី ទីម័រ ឡេស្តេ នៅវិមានរដ្ឋាភិបាល ដើម្បីរិតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែល្អរឹងមាំថែមទៀត ក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕
ដោយ៖ សីលា