ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨ បានមានប្រសាសន៍ថា តួនាទីមិនអាចខ្វះបានរបស់គណៈកម្មាធិ ការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីបន្តដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមគ្នាសម្រេច ឱ្យបាននូវចក្ខុវិស័យ គោលនយោបាយជាតិ ជំរុញចលនាភូមិមួយផលិតផលមួយដែលបានដាក់ចេញ សំដៅរួមចំណែក ប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍ មានមុខមាត់ជាសង្គមស៊ីវិល័យប្រកបដោយមោទនភាព លើឆាកអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបន្តដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការជំរុញ ចលនាភូមិមួយផលិតផលមួយ៥ឆ្នាំ លើកទី២ (២០២៤-២០២៨) នៅតែមានភាពចាំបាច់ ដើម្បី កំណត់នូវក្របខ័ណ្ឌការងារមួយ ដែលមាន លក្ខណៈប្រទាក់ក្រឡាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់នូវកិច្ចអន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា លើបញ្ហា ប្រឈមទាំងឡាយដែលកំពុងមាន ឬនឹងមាននៅតាមមូលដ្ឋាន ដែល កសិករ សេវាករ និងផលិតករ គ្រប់ប្រភេទ ជួបប្រទះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ដើម្បីសម្រេចបាននូវសូចនាករទាំងឡាយ ដែលបាន ដាក់ចេញក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រនេះ សម្តេចធិបតីសូមអំពាវនាវដល់ក្រសួង ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយទាំងអស់ ទាញយក សកម្មភាពគន្លឹះពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន កសាងលម្អិត និងបញ្ជ្រាបចូលក្នុងផែនការ យុទ្ធសាស្ត្ររបស់ក្រសួង ស្ថាប័នខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់និងស្របទៅតាមស្មារតី គណនេយ្យភាព សមិទ្ធកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមឱ្យមានការចូលរួមគាំទ្រពីបណ្តាដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ កសិករ សេវាករ ផលិតករ គ្រប់ប្រភេទ និងជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នាជំរុញនិងលើកកម្ពស់ ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ លើការប្តេជ្ញាចិត្ត ជាមួយស្មារតីទទួលខុសត្រូវខ្ពស់របស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងក្រសួង ស្ថាប័នដែលជាសមាជិកនៃគណៈកម្មាធិការផងដែរ ក្នុងការចូលរួម អនុវត្តផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ (២០២៤-២០២៨) នេះ ដើម្បីផ្តល់នូវប្រព័ន្ធគាំទ្រផលិតផលក្នុងស្រុក ដ៏មានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ ស្របទៅតាមបរិការណ៍ និងបរិវត្តកម្មសំខាន់ៗក្នុងសកលលោក៕
ដោយ ៖ សិលា