ស្រមោលអន្ធការខ្មៅងងឹតលើដែនដីសុវណ្ណភូមិក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) បង្កើតបានជាអនុស្សាវរីយ៍ដែលបំភ្លេចមិនបានគ្រប់ជំនាន់ដោយសារតែភាពខ្លោចផ្សារការឈឺចាប់ និងការព្រាត់ប្រាស់។ រយៈពេល៣ ឆ្នាំ ៨ ខែនិង ២០ថ្ងៃបានក្លាយជាការចងចាំមិនភ្លេចរបស់ប្រជាជនខ្មែរគ្រប់រូបជាពិសេសអ្នកដែលមានភ័ព្វសំណាងបានរស់ជីវិតរហូតដល់សព្វថ្ងៃ។
*បទពិសោធន៍របស់ កុក លៀង÷
ខ្ញុំឈ្មោះកុក លៀង រស់នៅក្នុងទីក្រុងភ្នំពេញ។ ក្នុងរបបខ្មែរក្រហមខ្ញុំមានអាយុ ២៣ ឆ្នាំ។និងមានបងប្អូនចំនួន ៩ នាក់ហើយខ្ញុំជាកូនពៅក្នុងគ្រួសារចិនក្រីក្រមួយ។ នៅសម័យខ្មែរក្រហមខ្ញុំ ត្រូវខ្មែរក្រហមបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ស្រុកកោះធំខេត្តកណ្ដាល។ ឪពុករបស់ខ្ញុំបានស្លាប់ដោយសារអត់អាហារ។ គ្រានោះមានទឹកជំនន់ហូរជន់ខ្លាំង ខ្មែរក្រហមបានជម្លៀសខ្ញុំន និងក្រុមគ្រួសារទៅកាន់ខេត្តព្រះវិហារវិញដោយធ្វើដំណើរថ្មើរជើងអស់រយៈពេលប្រហែលមួយខែ។ ទោះបីជាតាមផ្លូវពោរពេញដោយសាកសពដេកស្លាប់ពេញផ្លូវយ៉ាងណា ខ្ញុំនៅតែគិតថាបើមិនសួរប្រាកដជាស្លាប់ដូចសាកសពទាំងអស់នោះ។
នៅពេលដល់ខេត្តព្រះវិហារខ្ញុំនិងបងប្អូនរបស់ខ្ញុំបានចាប់ផ្ដើមបែកបាក់គ្នា។ ខ្ញុំរស់នៅជាមួយម្ដាយនៅភូមិធ្មារ ស្រុកសែនជ័យខេត្តព្រះវិហារ ជិតព្រំដែនឡាវជាមួយនឹងជនជាតិភាគតិចគួយ។
ជីវិតរបស់ប្រជាជនគ្រប់ៗរូបមិនដូចគ្នានោះទេ។ ខ្ញុំមានជីវិតខុសពីប្រជាជនផ្សេងទៀតនៅលើទឹកដីខេត្តព្រះវិហារ។ ខ្ញុំមិនចាំបាច់ក្រោកតាំងពីម៉ោង ៣ទៀបភ្លឺឪដើម្បីចូលជួរធ្វើការដូចប្រជាជនផ្សេងនោះទេ។ នៅតំបន់ដែលខ្ញុំរស់នៅនោះមានអាកាសធាតុត្រជាក់ណាស់ ដូច្នេះទាល់តែមេឃភ្លឺទើបបានអង្គការហៅងើបឲ្យចូលជួរទៅធ្វើការ។ ការងាររបស់ខ្ញុំគឺលើកទំនប់និងជីកប្រឡាយរហូតដល់ម៉ោង ១១ថ្ងៃត្រង់ទើបអាចឈប់សម្រាកហូបបាយបាន។ហើយម៉ោង ១ រសៀលខ្ញុំត្រូវបន្ត។ធ្វើការទៀតរហូតដល់ព្រលប់ទើបអាចត្រឡប់ទៅផ្ទះវិញបាន។
នៅពេលសម្រាកពីការងារ។ខ្ញុំអាចធ្វើការកាប់ឆ្កាព្រៃ ដាំបន្លែបានផលយកមកហូបខ្លួនឯងបាន។ មួយវិញទៀតនៅពេលខ្ញុំរកត្រីបាន ខ្ញុំចែកឲ្យសហករណ៍ពាក់កណ្ដាល ទុកហូបខ្លួនឯងពាក់កណ្ដាល ហើយនៅពេលឈ្លបចូលមកទាន់ ខ្ញុំបានប្រាប់គេថា ខ្ញុំរកត្រីដាក់សហករណ៍រួចហើយ នេះគ្រាន់តែជាត្រីតិចតួចដែលនៅសល់ទើបអាំងហូបខ្លួនឯង។ ឈ្លបក៏មិនប្រកាន់ទោសអ្វីដែរ ព្រោះខ្ញុំបានជួយដល់សហករណ៍ច្រើន។
និយាយដល់ជនជាតិគួយពួកគេមិនចេះប្រើសន្ទូចចាប់ត្រីនោះទេ។អ៊ីចឹងនៅពេលចាប់ត្រីពួកគេប្រើវល្លិព្រៃបំពុលត្រីសិន។ វាពិបាកណាស់បានត្រីតិចតួច។ ខ្ញុំចេះប្រើសន្ទូចស្ទូចបានត្រីច្រើនយកចូលសហករណ៍រាល់ថ្ងៃ ទើបអ្នកនៅទីនោះស្រលាញ់ចូលចិត្តខ្ញុំទាំងមេកង និងប្រជាជន។ សម្រាប់ការហូបចុកខ្ញុំមិនខ្វះហូបដូចគេទេ។ ខ្ញុំហូបបាយមានម្ហូបត្រឹមត្រូវដោយសារស្រុកនោះសម្បូរស្រូវ។
ម្ដាយរបស់ខ្ញុំឈ្មោះលឹម ជូរ ។ កាលហ្នឹងគាត់មានអាយុប្រហែល ៦៦ ឆ្នាំ។ ម្ដាយរបស់ខ្ញុំធ្វើការនៅក្រុមមនុស្សចាស់។ គាត់ធ្លាប់ប្រកបរបរជាជាងដេរខោអាវ។ភាគច្រើនជនជាតិគួយមិនដែលចេះវិជ្ជាដេរខោអាវស្លៀកពាក់នោះទេ។ ម្ដាយរបស់ខ្ញុំបង្រៀនពួកគេដូចនេះ អ្នកនៅទីនោះស្រឡាញ់រាប់អានគាត់ណាស់។ នៅតំបន់ដែលខ្ញុំរស់នៅមិនខ្វះខាតសម្លៀកបំពាក់អ្វីទេហើយយើងក៏មិនចាំបាច់ស្លៀកពាក់សំលៀកបំពាក់ពណ៌ខ្មៅដែរ។ ខ្ញុំមិនសូវជួបការលំបាកទេ ទោះបីជាខ្ញុំជាប្រជាជនថ្មីក៏ដោយ។
នៅខេត្តព្រះវិហារជាខេត្តដែលខ្មែរក្រហមមិនសូវយកចិត្តទុកដាក់ឬសង្ស័យអ្វីទេ ទើបយើងមានអាហារហូបចុករស់នៅស្រួល និងមានសេរីភាពជាងមនុស្សទូទៅ។យើងអាចសង់ផ្ទះ ដាំដំណាំ និងរកម្ហូបដោយខ្លួនឯងបាន ដោយគ្មានទោសក្បត់អង្គការឡើយ ព្រោះខេត្តព្រះវិហារគឺជាតំបន់ចាញ់។ អ្នកធ្វើដំណើរមកជាមួយក្រុមគ្រួសាររបស់ខ្ញុំប្រហែល ២០០គ្រួសារឈឺគ្រុនចាញ់ស្លាប់អស់ស្ទើរគ្មានសល់។
ជារៀងរាល់ព្រឹកមានកម្មាភិបាលខ្មែរក្រហម។តែងតែតែសែងសាកសពដែលស្លាប់ដោយសារកើតជំងឺគ្រុនចាញ់ដាក់ពេញៗរទេះយកទៅកប់។ ពួកកម្មាភិបាលខ្មែរក្រហមនៅតំបន់នោះមិនទៅបង្អត់អាហារ ឬធ្វើអត់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើប្រជាជនទេ ពីព្រោះអ្នកដែលចូលមកប្រាកដជាឈឺចាញ់ស្លាប់ដោយខ្លួនឯង។
ខ្ញុំចាំមិនភ្លេចឡើយពេលដែលខ្ញុំរៀបចំធ្វើដំណើរចាកចេញពីខេត្តព្រះវិហារមកស្រុកកំណើតវិញបន្ទាប់ពីខ្មែរក្រហមដួលរលំ។ ប្រជាជននៅទីនោះបានឃាត់ខ្ញុំឲ្យរស់នៅទីនោះមួយរយៈទៀត។រង់ចាំឲ្យស្រួលបួលសិនចាំចេញទៅ។ ប៉ុន្តែខ្ញុំនឹងក្រុមគ្រួសារមិនព្រមពួកគេបានរៀបចំ មានគោមានស្រូវ មាន់ទា ព្រមទាំងដើរអមហូរហែ រហូតដល់ឡើងឡានចាកចេញផុតទៅ។
ពេលទៅដល់ខេត្តកំពង់ធំខ្ញុំក៏ឡើងឡានជិះតរហូតដល់ទីក្រុងភ្នំពេញត្រឹមតែបីថ្ងៃប៉ុណ្ណោះ។ ខ្ញុំបានមកដល់ស្រុកកំណើតវិញហើយយករបស់របរដែលអ្នកភូមិឲ្យធ្វើជាដើមទុនរកស៊ីចិញ្ចឹមជីវិត។(នៅមានត)
