ខេត្តស្វាយរៀង ៖ នៅ ថ្ងៃព្រហស្បតិ៍-សុក្រ ១-២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក ងួន ពេជ្រ និងលោក កង ចាន់ថន ទីប្រឹក្សាក្រសួង ក្នុងនាម តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិទទួលបន្ទុកការអនុវត្តគម្រោងក្រោមក្របខណ្ឌហិរញ្ញប្បទានពីគ្រប់ដៃគូអភិវឌ្ឍន៍ និងពីថវិកាជាតិ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់ នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សូមជម្រាបថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់ នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ត្រូវ ប្រើរយៈពេលសាងសង់ចំនួន ១២ខែ ហើយគ្រោងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ការងារសំខាន់ៗរបស់គម្រោង មាន ដូចជា៖
ទី១) ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ
ទី២) ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ
ទី៣) ស្តារប្រឡាយមេប្រវែង ៤,៨៧៦គីឡូម៉ែត្រ
ទី៤) កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី
ទី៥) ជួសជុល និងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង
ទី៦) ជួសជុលនិងសាងសង់សំណង់សិល្បការ្យ តភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង
ទី៧) សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ ២កន្លែង។
ក្នុងឱកាស នោះដែរ លោកទីប្រឹក្សា បានស្នើដល់ក្រុមការងារសាងសង់សូមបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ អនុលោមសមស្របទៅតាមបទដ្ឋានបច្ចេកទេសដែលបានចែងក្នុងកិច្ចសន្យា និង ជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក ព្រមទាំង សំណូមពរទៅដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា