ខេត្តពោធិ៍សាត់៖ រដ្ឋបាលស្រុកកណ្តៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ គម្រោងសាងសង់ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែងសរុប ២២៩ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្ដីកណ្តាល ឃុំកណ្តៀង ទៅភូមិក្បាលរមាស ឃុំអន្លង់វិល កំពុងដំណើរការសាងសង់ ព្រមគ្នានឹងការសាងសង់ផ្លូវបេតុងនៅចំណុច ក្បាលស្ពាន នៅភូមិព្រៃក្តី ឃុំកណ្តៀង លើខ្សែផ្លូវកៅស៊ូលេខ ១៥៤ បានធ្វើឱ្យមានការប៉ះពាល់ដល់ការ ធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋមួយរយៈពេលនេះ ។
ដើម្បីធានាឱ្យក្រុមការងារអនុវត្តការសាងសង់ផ្លូវបេតុងក្បាលស្ពាន ទាំងត្រើយខាងកើត និងត្រើយ ខាងលិច អនុវត្តប្រកបដោយភាពរលូន ស្របតាមផែនការ និងមានគុណភាព សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ម្ចាស់រថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ជាពិសេសរថយន្ត ដឹកស្រូវធំៗពេលយប់ សូមបន្ថយល្បឿន និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត នៅពេលឆ្លងកាត់ចំណុច ការដ្ឋាននេះ ឬប្រើផ្លូវវាងជំនួស ដើម្បីជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុត្រង់ទីតាំងការដ្ឋាន។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ ការដ្ឋាន មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមគោរព អនុវត្តតាមស្លាកសញ្ញាចរាចរណ៍ដែលបានដាក់ នៅការដ្ឋាន ឱ្យបានល្អប្រសើរ។
ទទួលបានសេចក្តីជូនដំណឹងខាងលើ កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ ការិយាល័យជំនាញ រដ្ឋបាលឃុំ ភូមិ និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ៖តារា