ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត MG បុកឡំប្រឺតា១គ្រឿងពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតទៅខ្ទប់និងបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកឡំប្រឺតា មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូង ស្រាប់តែភ្លាមៗនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក MG ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BN-1994 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយកង់បីឥណ្ឌាខាងលើ រួចក៏រេចង្កូតទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យឡំប្រឺតាខាងលើខ្ទាតទៅខ្ទប់និងបង្គោលភ្លើង និងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ ក្នុងករណីនេះ មិនបានបង្កអោយនរណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ ដោយឃើញថាដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងឡំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ