ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តព្រូស លឿនជ្រុលដល់ផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ក៏ទៅបុករថយន្ដស៊េរីម៉ាកអាលផាត ចំពាក់កណ្តាលពេញទំហឹង បណ្តាលអោយខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០២ នឹង ២០នាទីរសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តោយផ្លូវ R6 ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេឃើញមានរថយន្តម៉ាក តូយូតា ព្រូស ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-8056 បើកក្នុងល្បឿនលឿន តាមបណ្តោយផ្លូវ R6 ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន រថយន្តព្រុសខាងលើមិនបន្ថយល្បឿន ជ្រុលទៅបុក រថយន្តមួយគ្រឿង ម៉ាក តូយូតា អាលផាត ពណ៍ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា L.A.7677 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង ចំពាក់កណ្តាលរថយន្ត បណ្តាលអោយរងការខូចខាតយ៉ាងដំណំទាំងសងខាង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការសម្របសម្រួលភាគីទាំងសងខាងចរចារគ្នាមួយជំហាន ប្រសិនជាករណីចរចាមិនត្រូវគ្នា សមត្ថកិច្ចនឹងស្ទូចយករថយន្តទាំង០២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយបន្តទៀត ៕ដោយ ៖ ភារ៉ា ដង្កោ