បុណ្យកោងកាងឆ្នាំនេះ ចូលរួមដាំកូនដើមកោងកាង៥ពាន់ដើម នៅក្នុងសហគមន៍កោះកាពិ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ក្រសួងបរិស្ថាន​ បានឱ្យដឹងថា​ កូនដើមកោងកាងប្រមាណជា៥ពាន់ដើម ត្រូវបានដាំលើផ្ទៃដីចំនួន៣ហិកតា នៅក្នុងពិធី«បុណ្យកោងកាងសន្តិភាព» ដើម្បីជាផ្នែកមួយការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ក្នុងតំបន់ឆ្នេររបស់ប្រទេសកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីរាជការក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង, អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន អង្គការមេត្តាធម្មជាតិ និងប្រជាសហគមន៍ ជាច្រើននាក់ បាននាំគ្នាដាំដើមកោងកាងនេះក្នុងពិធីបុណ្យកោងកាងសន្តិភាព ដែលរៀបចំឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ដល់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន។

លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ព្រៃកោងកាងជួយទប់លំនឹងដី និងការពារឆ្នេរសមុទ្រពីការហូរច្រោះ និងការបាក់ដី បន្ថែមពីនេះបានជួយកាត់បន្ថយ និងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ។ ជាមួយគ្នានេះ ក៏ដើរតួជាតម្រងធម្មជាតិ ដោយត្រងសារធាតុបំពុល និងកាកសំណល់ចេញពីទឹក ជាពិសេសជួយកែលម្អគុណភាពទឹក និងរក្សាលំនឹងបរិស្ថានទឹក ព្រមទាំងជាជម្រកដ៏សំខាន់ម្រាប់ពពួកមច្ឆជាតិ និងសត្វសមុទ្រជាច្រើនប្រភេទ ជាពិសេសជាកន្លែងបន្តពូជពង កូន និងលូតលាស់ដ៏ល្អប្រសើរសម្រាប់ជីវិតសត្វសមុទ្រគ្រប់ប្រភេទ ដែលជាការទ្រទ្រង់ដល់សេដ្ឋកិច្ចប្រជានេសាទ និងសន្តិសុខស្បៀង។ ពិសេសជាងនេះទៅទៀតព្រៃកោងកាងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកកាបូនឌីអុកស៊ីត (CO2) ពីបរិយាកាស ជាឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ និងលើសពីនេះទៀត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរបាំងទៅនឹងការប្រែប្រួលអាកាសធាតុ និងបានផ្តល់នូវប្រភពចំណូល និងការងារដល់សហគមន៍មូលដ្ឋាន តាមរយៈការងារកសិកម្ម ការនេសាទ ការចិញ្ចឹមសត្វ ការរៀបចំទេសចរណ៍ធម្មជាតិ និងផលិតផលព្រៃឈើផ្សេងៗទៀត។

លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ បានសំណូមពរប្រជាសហគមន៍ និងអ្នកពាក់ព័ន្ធចូលរួមការពារនិងអភិរក្សធានធម្មជាតិ ដើម្បីប្រយោជន៍រួម សម្រាប់អនាគត។

ប្រទេសកម្ពុជា មានព្រៃកោងកាងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ក្នុងនោះខេត្តកោះកុងមានទំហំធំជាងគេ គឺប្រមាណជាង៤ម៉ឺនហិកតា ស្មើនឹង៨០%ភាគរយ នៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា។

...

លោកស្រី​ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅ នៅទូទាំងខេត្តកោះកុងបានដាំស្ដារព្រៃកោងកាងឡើងវិញបានជាងចំនួន៥៤.៨០០ដើម។ បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ត បានបន្តបណ្តុះដើមកោងកាងបានចំនួន២៨.០០០ដើម សម្រាប់ត្រៀមទុកយកទៅដាំនៅកន្លែងផ្សេងៗទៀត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print