ខេត្តតាកែវ÷ ក្នុងឱកាសនៃពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរម្លឹកដល់សមិទ្ធផលនៃសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការលះបង់របស់អ្នកជំនាន់មុន ដោយឯកឧត្តម បានលើកឡើងថា ភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជាសមិទ្ធផលនៃការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរជនជំនាន់មុនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងការប្រថុយប្រថានយកជីវិតធ្វើជាដើមទុនក្នុងបុព្វហេតុសន្តិភាពដែលយើងមានសព្វថ្ងៃ។
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានីបានបន្តទៀតថា ក្នុងដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាព ជាតិ និងផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមនៅកម្ពុជា គឺមិនអាចបំភ្លេចបាននូវការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិមាតុភូមិរបស់អ្នកជំនាន់មុន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានឡើយ ដោយលោកបានដាក់ជីវិតធ្វើជាដើមទុនក្នុងដំណើរសង្រ្គោះជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ពោលគឺ សម្ដេចតេជោ គឺជាស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ!ឈ្នះ! រហូតនាំមកជូនជាតិនិងប្រជាជននូវសន្តិភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
លោកឧបនាយករដ្ឋមន្រ្តីបានគូសរំលេចថា ពិតណាស់សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការដឹកនាំក្រោមបេសកកម្មធំៗចំនួន២ នៅក្នុងជីវិតរបស់សម្ដេចតេជោ គឺទី១៖ មិនឱ្យប្រជាពលរដ្ឋរងទុក្ខវេទនាដូចអតីតកាល ជា ពិសេសដូចជារបបប្រល័យពូជសាសន៍ ប៉ុល ពត និងទី២៖ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ៕