ក្រសួងសាធារណការ កែសម្រួល និងផ្លាស់ប្តូរមន្រ្តីបច្ចេកទេសរបស់ក្រសួង បំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ៦ស្ថានីយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការកែសម្រួល និងផ្លាស់ប្តូរមន្រ្តីបច្ចេកទេសរបស់ក្រសួង បំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ៦ស្ថានីយ និងជាលើកទី៥ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាថ្មីនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

ចាប់ពីថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ លោក គឹម សាន់ អនុរដ្ឋលេខាធិការ លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ លោកអនុប្រធានលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ៦ទីតាំង រួមមានស្ថានីយជញ្ជីងអចល័ត កំពង់ភ្នំ ខេត្តកណ្តាល ស្ថានីយជញ្ជីងអចល័ត ឃ្លាំងសម្បត្តិ ខេត្តតាកែវ ស្ថានីយជញ្ជីងអចល័ត ភ្នំត្រែល ខេត្តកំពត ស្ថានីយជញ្ជីងអចល័ត កាំពី ខេត្តក្រចេះ ស្ថានីយកូនដំរី ខេត្តបន្ទាយមានជ័យ និងស្ថានីយជញ្ជីងអចល័ត ពួក ខេត្តសៀមរាប។

គោលបំណងនៃការកែសម្រួល និងផ្លាស់ប្តូរសមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គឺដើម្បីពង្រឹងយន្តការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសដល់មន្ត្រីអាចផ្លាស់ប្តូរ ចែករំលែក និងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត។

ទន្ទឹមនឹងនេះ មន្ត្រីរបស់ក្រសួង ដែលបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវ តាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីងអចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ។

ថ្លែងក្នុងពិធី លោកប្រធាន បានផ្តាំផ្ញើដល់មន្រ្តីស្ថានីយដែលទើបកែសម្រួលថ្មីទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ទាំងក្នុងស្ថានីយ និងជុំវិញស្ថានីយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវនាំយករថយន្តដឹកលើកទម្ងន់មកថ្លឹងនៅស្ថានីយ ឬក៏សហការជាមួយក្រុមត្រួតពិនិត្យចល័តចម្រុះរបស់ក្រសួង។ បន្ថែមលើសពីនេះ លោក ក៏បានណែនាំ ដល់មន្រ្តីទាំងអស់ កុំប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ និងត្រូវសហការគ្នា និងប្រកាន់ខ្ជាប់តួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

សូមគូសបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ ថ្មីនេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមាន លោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន បានរៀបចំយន្តការកែទម្រង់ផ្លាស់ប្តូរ និងកែសម្រួលមន្ត្រីស្ថានីយជញ្ជីង ចំនួន ៥លើករួចមកហើយ ដោយក្នុង ១លើកៗ ចំនួន ៦ស្ថានីយ សរុបបានចំនួន ៣០ស្ថានីយ និងបន្តកែសម្រួល ផ្លាស់ប្តូរជាបន្តបន្ទាប់ទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print