ភ្នំពេញ ៖ លោក ប្រាក់ សុខុន អរគុណ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ដែលបាន រាយការណ៍ដោយសង្ខេប រៀបរាប់ចំណុចសំខាន់ៗទាក់ទងនឹងសភាពការណ៍តំបន់ និងអន្តរជាតិ។ នេះបើយោងតាម សុន្ទរកថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ វត្តមាន របស់ លោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយស ដែលអញ្ជើញមកពីព្រឹទ្ធសភា រដ្ឋសភា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជា ថ្នាក់ដឹកនាំ ប្រធាន ស្ថានបេសកកម្មយើងនៅបរទេស មន្ត្រីរាជការ នៃក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នាព្រឹកនេះ។
លោកបន្តថា ៖ ខ្ញុំសូមអរគុណ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ដែលបាន រាយការណ៍ដោយសង្ខេប រៀបរាប់ចំណុចសំខាន់ៗទាក់ទងនឹងសភាពការណ៍តំបន់ និងអន្តរជាតិ និងសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងទៅ តាមរយៈការអនុវត្តការងារធំៗទាំង ៥ របស់ក្រសួង ដើម្បីការពារផល ប្រយោជន៍ស្នូលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និង លើសកលលោក។ ខ្ញុំសូមអរគុណផងដែរ ដល់ក្រុមការងារនានាទាំងខាងផ្នែកខ្លឹមសារ ពិធីការ និងបច្ចេកទេស ដែលបានខិតខំប្រឹងប្រែង តាមភារកិច្ច មុខសញ្ញារបស់ខ្លួនរៀបចំសន្និបាតប្រចាំឆ្នាំរបស់យើងបានទាន់ពេលវេលា ទោះបីជាស្របពេលគ្នានេះ ទាំងអស់គ្នាក៏ត្រូវខិតខំប្រឹងប្រែងបំពេញការងារប្រចាំថ្ងៃ រួមទាំងការរៀបចំទស្សន កិច្ចទៅក្រៅប្រទេស កិច្ចប្រជុំ ជំនួបនានា និងទទួលគណៈប្រតិភូបរទេសដ៏មមាញឹក យ៉ាងណាក៏ដោយ។
លោកថា ៖ សមិទ្ធផលធំៗជាច្រើនក្នុងវិស័យការទូតដែលយើងសម្រេចបានមកទល់ពេល នេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការចង្អុលបង្ហាញ និងពីការគាំទ្រយ៉ាងពេញ ទំហឹងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ។ ក្នុងន័យនេះ ខ្ញុំសូម សម្តែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតចំពោះការគាំទ្រដែលមិន អាចកាត់ថ្លៃបានរបស់ សម្តេចទាំងទ្វេ ដែលជាមេដឹកនាំកំពូលរបស់កម្ពុជាយើង និងរបស់ថ្នាក់ដឹកនាំ មន្ត្រីទាំងឡាយនៃក្រសួង-ស្ថាប័ន ជាដៃគូទាំងអស់។ ខ្ញុំក៏សូម ឆ្លៀតឱកាសនេះថ្លែងអំណរគុណដ៏ស្មោះចំពោះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលបានដឹកនាំ ចង្អុលចាត់ចែងការងាររបស់ក្រសួងជិតពេញមួយឆ្នាំ ២០២៤ កន្លងទៅ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថា ៖ មិនខុសពីឆ្នាំមុនៗឡើយ ដើម្បីបន្ថែមពុទ្ធិថ្មីៗដល់មន្ត្រីរបស់យើងក្នុងការបំពេញ ការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ យើងតែងតែអញ្ជើញវាគ្មិន មកធ្វើបទ បង្ហាញលើប្រធានបទសំខាន់ៗសម្រាប់ការងារការទូត ជូនអង្គសន្និបាត។ ឆ្នាំនេះ យើងបានអញ្ជើញវាគ្មិនជាន់ខ្ពស់ ៣រូបគឺ (១) លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងធ្វើបទ បង្ហាញស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា (២) លោក នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានអញ្ជើញមកធ្វើបទបង្ហាញស្តីពីយុទ្ធសាស្ត្រជំរុញវិស័យ ទេសចរណ៍កម្ពុជា និង (៣) លោក ប្រាក់ ផល្លា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី អាង ម៉ូនីកា ជំនួយការ ផ្ទាល់របស់ខ្ញុំ នឹងធ្វើបទបង្ហាញស្តីពីការកសាងធនាគារទិន្នន័យអេឡិចត្រូនិច របៀបចូលរកព័ត៌មានក្នុងធនាគារទិន្នន័យ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន/បញ្ញា សិប្បនិម្មិត សម្រាប់ជាជំនួយក្នុងការរៀបចំខ្លឹមសារឯកសារដោយសុវត្ថិភាព ដោយ រក្សាការសម្ងាត់នៃឯកសារ និងពត៌មាន។ ប្រធានបទទាំងបី ខាងលើ មានសារៈសំខាន់ ណាស់ ក្នុងបរិបទដែលកម្ពុជាមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ មាន ឱកាស និងលក្ខណៈសម្បត្តិពេញលេញ សម្រាប់ការទាក់ទាញវិនិយោគិន ទេសចរ បរទេស មកវិនិយោគ និងទស្សនាកម្ពុជា រកទីផ្សារឱ្យផលិតផលខ្មែរ ក៏ដូចជាការ ត្រៀមខ្លួនឲ្យបានល្អ ដើម្បីទាញយកប្រយោជន៍ជាអតិបរិមា ពីបវិវត្តកម្ម យ៉ាងឆាប់ រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពិសេស ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។ ការណ៍នេះ ក៏រួមចំណែកម៉្យាងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា វឌ្ឍនភាព សង្គម និងម៉្យាងទៀតបង្កើនប្រសិទ្ធភាពការងារ ៕
ដោយ ៖ សិលា