ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានបើករថយន្ដលឿនជ្រុលទៅបុកបុរសម្នាក់កំពុងជិះម៉ូតូពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាង៣០ម៉ែត្រ ធ្វេីឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ស្លាប់មួយរំពេច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីពីវេលាម៉ោង០១ និង២០នាទីរសៀល ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ (ផ្លូវបុរីអង្គរ) ក្នុងសង្កាត់ច្រាំងចំរេះទី០១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះពុំមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្ក ម៉ាកតូយ៉ូតា ព្រុសមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2 CA – 1626 បើកបរដោយនារីវ័យក្មេងម្នាក់ និងអ្នករួមដំណើរប្រុសស្រី២នាក់ទៀតក្នុងរថយន្ដ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៣(ផ្លូវបុរីអង្គរ) ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណះពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាសង់ឌ្រីមស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CG- 5202 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ស្របទិសគ្នាបានបត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្ដមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជាង៣០ម៉ែត្រ ទៅផ្លូវម្ខាងទៀត ចំណែកម្ចាស់ម៉ូតូដួលបោកក្បាលថ្នល់ស្លាប់មួយរំពេច ។ ភ្លាមៗនោះម្ចាស់រថយន្ដបង្កត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី០១ ឃាត់ខ្លួនដើម្បីយកទៅសួរនាំនិងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកដើម្បីបន្ដតាមនិតីវិធី។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានចុះដល់ចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងនៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញធ្វើការវាសវែង យករថយន្ដបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យសាច់ញ្ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ