ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិវានេះមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹង អំពីគុណតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែល បានបន្សល់ទុកពីបុព្វបុរស។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បាន អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយសម្ដេចលើកឡើងថា នេះជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណ តម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់ របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ៕
ដោយ ៖ សិលា