ភ្នំពេញ ៖ លោកស្រី ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសារ វីដេអូ អបអរ ខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ «ការលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែជាកិច្ច ការ អាទិភាព ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែ ជាភាពចាំបាច់ ជាកាលានុវត្តភាព និងជាកាតាលីករថ្មីមួយ រួមចំណែក ពន្លឿនការសម្រេច បាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និង បរិយាបន្ន»។
លោកស្រី ពេជ ចន្ទមុន្នី ក្នុងសារអបអរដដែល បានបន្តរំលេចពីគុណតម្លៃរបស់ស្ត្រី និងក្មេងស្រី នៅក្នុងសង្គមយ៉ាងដូច្នេះ៖« ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺមិនត្រឹមតែបង្កើនភាពជោគជ័យ សម្រាប់ ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ជំរុញដល់វឌ្ឍនភាព និងវិបុលភាពនៃ សង្គម និងប្រទេសជាតិទាំងមូល។
សម្រាប់ស្ត្រីទី១របស់កម្ពុជា ស្ត្រី និងក្មេងស្រី គឺជាភ្នាក់ងារនៃការផ្លាស់ប្តូរ ប្រកបដោយនវានុវត្តន៍ និងជាសមភាគដ៏ សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញ និងពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកស្រី ពេជ ចន្ទមុន្នី បានទទូចឱ្យគ្រប់តួអង្គទាំងអស់ ត្រូវទទួលស្គាល់ គាំទ្រ និងផ្តល់តម្លៃ ព្រមទាំង បង្កបរិយាកាសឱ្យស្ត្រី បានចូលរួម ពេញលេញ និងទទួល ផល លើគ្រប់វិស័យ ដើម្បីឆ្ពោះទៅពង្រឹង ភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអរិយធម៌ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាបន្ន ដែលក្នុងនោះស្ត្រី គឺជាស្នូល។
រួមចំណែក ពន្លឿនការសម្រេច បាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព
ឆ្នាំ២០២៥ ជា ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ដែលនឹងប្រារព្ធឡើងក្រោមប្រធានបទ៖ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។
បើសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រើប្រាស់នូវពាក្យសម្តីជាមួយអ្នកដទៃ ពិសេសជាមួយស្ត្រីភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ។
ការចេញមកអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីក្នុងមួយរយៈនេះ សម្តេចនាយករដ្ឋមន្ត្រី សង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី គិតថាអ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតា មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសំដីទាំងនោះទេ។
សម្តេចបានអំពាវនាវដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមស៊ីវិល័យ»៕
ដោយ ៖ សិលា