នាយករដ្ឋមន្ត្រី ៖ ពេលនេះ កំណើនការទិញអចលនទ្រព្យ ទិញផ្ទះបានកើនឡើងវិញ ដោយភាពច្បាស់លាស់ !

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ពេលនេះកំណើនការទិញអចលនទ្រព្យ និងការទិញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋហាក់មានការហក់ឡើងវិញ ដោយភាពច្បាស់លាស់ខុសគ្នាពីការកើនឡើងកាលពីមុនវិបត្តិកូវីដ-១៩។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អត្រាកំណើននៃការទិញផ្ទះមានការកើនឡើងវិញ ហើយកំណើននៃការទិញផ្ទះនៅពេលនេះ គឺជាកំណើនដែលមានភាពធន់ ហើយច្បាស់លាស់។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់មានប្រមាណ ១,៥ ពាន់លានដុល្លារ ក្នុងរយៈពេល១១ ខែឆ្នាំ២០២៤ កើនឡើងជាង២២ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ទិន្នន័យក៏បានឆ្លុះបញ្ចាំងផងដែរថា គម្រោងសាងសង់ជាង ៥០០ គម្រោង ក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២៤ មានទុនវិនិយោគសរុបជាង១ពាន់លានដុល្លារ។
ចំណែក ធនាគារជាតិនៃកម្ពុជាបានប្រកាសថា ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ឥណទានសរុបដែលផ្តល់ដោយធនាគារ និងគ្រឺះស្ថានហិរញ្ញវត្ថុមានចំនួន ២៤៧,៦៣១ ពាន់លានរៀល (ស្មើនឹង ៦០,៩ ពាន់លានដុល្លារ)។ នេះគឺជាការកើនឡើង ២.២ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការផ្តល់ប្រាក់កម្ចីដល់ពាណិជ្ជកម្មលក់ដុំ និងរាយ សំណង់ អចលនទ្រព្យ ផលិតកម្ម និងវិស័យផ្សេងៗទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កំណើនដែលបានកើនខ្ពស់តែមិនមានមូលដ្ឋាន អាចល្អក្នុងមួយរយៈ តែមិនមានភាពធន់នោះទេ តែកំណើននាពេលនេះ ទោះបីមិនច្រើន តែមានមូលដ្ឋានច្បាស់លាស់ជាកំណើនពិត ដែលនេះជាវដ្តនៃសេដ្ឋកិច្ច។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការថែរក្សា និងការគិតគូរពីរចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ចាំបាច់ត្រូវតែរៀបចំ និងកែសម្រួលនូវរចនាសម្ព័ន្ធ, ដើម្បីធានានូវរយៈពេលវែងនៃចេរភាពនៃកំណើន សម្តេចក៏បានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាឱ្យបានផុសផុលផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print