ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥នេះ។
ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពស្នើសុំការចង្អុលបង្ហាញពី លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ៕
ដោយ៖តារា