មហាសេដ្ឋី Elon Musk ទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតី Trump បានចោទប្រកាន់ប្រធានាធិបតី Zelensky ថាមិនចង់ឱ្យសង្រ្គាមបញ្ចប់ដោយសារតែគាត់ “ខ្លាចបាត់បង់តំណែងនិងអំណាចរបស់គាត់” ។
មហាសេដ្ឋី Elon Musk ទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតី Donald Trump និងជាប្រធានការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បានបង្ហោះនៅលើ X នៅថ្ងៃទី 4 ខែមីនាថា លោក “Volodymyr Zelensky ចង់បានសង្រ្គាមអចិន្រ្តៃយ៍ ដែលជាម៉ាស៊ីនកិនសាច់ដែលមិនឈប់ឈរ” ។
បន្ទាប់មក Musk បានបន្តចែករំលែកការបង្ហោះរបស់គាត់ឡើងវិញពីឆ្នាំ 2022 ដែលរួមមានសារអំពាវនាវឱ្យមានការបោះឆ្នោតនៅអ៊ុយក្រែន សុំឱ្យទីក្រុងគៀវប្រកាសអព្យាក្រឹត ទទួលស្គាល់ Crimea ជាទឹកដីរុស្ស៊ី និងមិនគំរាមកំហែងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកដល់ឧបទ្វីប។
លោក Musk បានសរសេរថា “កាលពី 2 ឆ្នាំមុន ខ្ញុំបានជំរុញឱ្យអ៊ុយក្រែនស្វែងរកសន្តិភាព ឬទទួលរងនូវការបាត់បង់ជីវិត និងមិនទទួលបានអ្វីទាំងអស់។ លោក Zelensky បានជ្រើសរើសជម្រើសផ្សេងទៀត គាត់នៅតែចង់បានវា គ្រីមៀ” ។
មហាសេដ្ឋីរូបនេះក៏បានយល់ស្របជាមួយនឹងការអត្ថាធិប្បាយលើ X ថាប្រធានាធិបតី Zelensky មិនចង់ឱ្យសង្រ្គាមបញ្ចប់ដោយសារតែគាត់នឹងបាត់បង់អំណាចនិងតំណែងអន្តរជាតិ។ លោក Musk បាននិយាយថា មេដឹកនាំបច្ចុប្បន្ននៅអ៊ុយក្រែន “គួរតែត្រូវបានផ្តល់សិទ្ធិជ្រកកោននៅក្នុងប្រទេសអព្យាក្រឹត ដោយត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរប្រជាធិបតេយ្យដោយសន្តិវិធីនៅអ៊ុយក្រែន”។
សារជាបន្តបន្ទាប់នេះត្រូវបានបង្ហោះប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Trump បានរិះគន់ជាសាធារណៈនូវសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Zelensky ដែលថាការបញ្ចប់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគឺ “នៅតែឆ្ងាយណាស់” ។ មេដឹកនាំអាមេរិកបាននិយាយថា “មានភាគីដែលមិនចង់ឈានដល់កិច្ចព្រមព្រៀង” ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
លោក Trump បានព្រមានថា “មនុស្សនោះនឹងមិននៅឆ្ងាយទៀតទេ។ មនុស្សនោះនឹងមិនត្រូវបានគេឮទៀតទេ” ។
នៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social លោក Trump បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក Zelensky គឺជា “សារដ៏អាក្រក់បំផុតដែលអាចផ្តល់ឱ្យ” ហើយបានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថាមិនគោរពសហរដ្ឋអាមេរិក និងមិនបង្ហាញសុច្ឆន្ទៈក្នុងការស្វែងរកសន្តិភាព៕ ដោយធីរីណា
រូបថត: AP