ភ្នំពេញ ៖ ក្នុងពិធីបើក «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព» នាព្រឹកថ្ងៃទី៤ ខែមីនា សម្តេចនាយករដ្ឋមន្រី្ត បានបញ្ជាក់ថា ការប្រមូលព័ត៌មានខុស អាចឱ្យធ្វើការអន្តរាគមន៍របស់រដ្ឋាភិបាលខុសគោលដៅ ហើយបង្កឱ្យមានបញ្ហាលើសដើម។ នេះ គឺជាកត្តាសំខាន់ក្នុងការពង្រឹងលើកិច្ចការស្រាវជ្រាវ និងប្រមូលទិន្នន័យ ដែលរដ្ឋាភិបាលកំពុងចាត់វិធានការធានានូវសង្គតិភាព និងគុណភាព ក្នុងការរៀបចំគោលនយោបាយបន្ថែមទៀត។
នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ «បើព័ត៌មានយើងប្រមូលខុស ការសម្រេចចិត្តក៏ខុស ការរៀបចំគោលនយោបាយក៏ខុស នឹងធ្វើឱ្យយើងខាតបង់ច្រើន។ ខាតពេលវេលា ខាតធនធាន ហើយអ្វីដែលសំខាន់នោះ គឺចំណុចដែលយើងចង់អន្តរាគមន៍ជួយពិតប្រាកដ គឺត្រូវបានទុកចោល។»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត ដោយផ្តាំទៅកាន់អ្នកស្រាវជ្រាវ ក្នុងការវិភាគទិន្នន័យធ្វើគោលនយោបាយអ្វីមួយ គឺត្រូវចុះប្រមូលទិន្នន័យពីមូលដ្ឋានផ្ទាល់ ឬពីភាគីពាក់ព័ន្ធ ដោយមិនត្រូវទាញយកទិន្នន័យណាមួយ Google ឡើយ។
សម្តេចបវរធិបតី បានលើកឡើងឡើងពីតួនាទីដ៏សំខាន់របស់ «ស្ថាប័ន ស្រាវជ្រាវ» រួមទាំង វិទ្យាស្ថាន CDRI ក្នុងដំណើរការរៀបចំគោលនយោបាយ ក៏ដូចជា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល ។
ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវ របស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឈ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ សម្តេចបវរធិបតីបានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុង គោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និងសិក្សាស្រាវជ្រាវ។
ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ។
ទី៣). ការបន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយ ឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និង ស្ទង់មតិ៕
ដោយ ៖ សិលា