ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិធីបំពាក់គ្រឿង ឥស្សរិយយស ដល់សប្បុរសជនជប៉ុន ដឹកនាំដោយ លោក Keizo Niwa និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។
ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ សប្បុរសជនជប៉ុន បានជួយបណ្ណាល័យសាលាបឋមសិក្សាសរុបចំនួន ១៣៣ (សាលាទទួលកញ្ចប់ធំ ៦៦ និងសាលាទទួលកញ្ចប់តូច ៦៧) ក្នុង២៥ រាជធានី ខេត្ត និងមត្តេយ្យសិក្សាសហគមន៍ ភូមិកណ្តាច់១ ចំនួនសៀវភៅសរុប ៥៩ ៦៥២ ក្បាល ធ្នើរមុខមួយចំនួន ៣៥ ធ្នើរមុខពីរចំនួន ២៦ ចែកសម្ភារៈសិក្សា ដល់សិស្សចំនួន ១៥ ១៣៣នាក់ សាងសង់អាគារសិក្សា១ខ្នងមានពីរបន្ទប់នៅសាលាបឋមសិក្សាមុខនាគខេត្តសៀមរាប និងជួស ជុលបន្ទប់រៀនមួយនៅសាលាបឋមសិក្សាស្រះឫស្សី ខេត្តស្ទឹងត្រែង។
មានប្រសាសន៍ក្នុងឱកាសនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនជប៉ុន ដែលបានជួយគាំទ្រវិស័យអប់រំនៅកម្ពុជាជាច្រើនឆ្នាំមកនេះ និងបានវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានបឋមសិក្សា និងសប្បុរសជនជប៉ុន ចូលរួមចំណែកយ៉ាងសំខាន់ដល់ការជួយបំពេញតម្រូវការរបស់សិស្ស និងលោកគ្រូ អ្នកគ្រូក្នុងការសិក្សាស្រាវជ្រាវ ជាពិសេសសម្រេចបាននូវសមិទ្ធផលទាំងអស់នេះឡើង។ ការរួមចំណែកដ៏សប្បុរសនេះ មិនត្រឹមតែផ្តល់នូវរចនាសម្ព័ន្ធរូបវន្តសម្រាប់ការរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបន្ថែមពន្លឺជាសញ្ញានៃក្តីសង្ឃឹមដល់កុមារ ដែលជួយឱ្យពួកគាត់អាចសម្រេចក្តីស្រមៃរបស់ខ្លួនបាននាពេលអនាគត។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះសប្បុរសជនជប៉ុន ក្នុងការខិតខំប្រឹងប្រែង ជួយគាំទ្រដល់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់គ្រឿង ឥស្សរិយយសជូន លោក KEIZO NIWA ដែលជាតំណាងសប្បុរសជប៉ុន និងបានជូនលិខិតថ្លែងអំណរ គុណដល់ភាគីសប្បុរសជនជប៉ុនផងដែរ៕