ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំពី លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់(គ.ត.ល.ទ) និងជាប្រធានក្រុមត្រួតពិនិត្យចល័តចម្រុះ ក្រុមការងារត្រួតពិនិត្យចល័ត បានសហការជាមួយកម្លាំងមន្រ្តីស្ថានីយកណ្តោលដុំ បានចុះប្រតិបត្តិការឃាត់ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដែលបើកបរតាមផ្លូវវាងគេចពីស្ថានីយជញ្ជីង នៅចំណុចផ្លូវជាតិលេខ៤៤ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្ត ចំនួន ២គ្រឿង មានបំពាក់ឡូហ្គោ SSP បានផ្ទុកទម្ងន់លើសទម្ងន់អនុញ្ញាតចន្លោះពី ៨-១៧តោន គិតជាភាគរយគឺលើសចន្លោះពី ៣២%-៦៨%នៃច្បាប់អនុញ្ញាត ។
លោកប្រធានក៏បានប្រជុំណែនាំ និងក្រើនរម្លឹកដល់មន្រ្តីស្ថានីយជញ្ជីងទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវរថយន្តដឹកលើសទម្ងន់បំផ្លាញផ្លូវថ្នល់របស់យើងទាំងអស់គ្នា។ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕
ដោយ ៖ សិលា