ភ្នំពេញ ៖ យោងតាមច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ មាត្រា៥៦ បានចែងថា៖ ត្រូវបានហាមឃាត់រាល់សកម្មភាព មានដូចខាងក្រោម៖
១- ការបំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចខាតដោយចេតនានូវមុខងារនៃប្រព័ន្ធលូ ឬបណ្តាញលូដោយបង្កការរំខាន ដូចជាបង្កើនចរន្តលំហូរ ឬកាត់បន្ថយចរន្តលំហូរទឹកកខ្វក់ចូលទៅក្នុងប្រព័ន្ធលូ ឬបណ្តាញលូ។
២- ការរំលោភបទប្បញ្ញត្តិបច្ចេកទេសក្នុងការសាងសង់ ការជួសជុល ការថែទាំ និងការការពារហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់និង/ឬប្រព័ន្ធលូ។
៣- ការជីកគាស់ ឬជីកកកាយ ឬបោះខ្នង ផ្លាស់ប្តូរឬកែប្រែសំណង់សិល្បការ្យទឹកកខ្វក់ឬ ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់។
៤- ការសាងសង់អ្វីមួយពីលើ ឬសង្កត់ពីខាងលើប្រព័ន្ធលូ ដែលសំណង់ទាំងនោះអាចធ្វើឱ្យរាំងស្ទះចរន្តលំហូរទឹកកខ្វក់តាមផ្នែកខ្លះ ឬរាំងស្ទះទាំងស្រុងនៃប្រព័ន្ធលូ ឬបណ្តាញលូ។
៥- ការដាក់សម្ភារៈ កម្ទេចកម្ចីចូលទៅក្នុងអណ្តូងលូតាមប្រព័ន្ធលូ ឬបណ្តាញលូ។
៦- ការកែប្រែផ្ទៃដីខាងលើនៃប្រព័ន្ធលូ ដែលជាហេតុធ្វើឱ្យបែកធ្លាយដំណើរការបង្ហូរទឹកចូលទៅក្នុងបណ្ដុំបែងចែក ឬអណ្តូងលូ។
៧- ការធ្វើឱ្យខូចខាតដោយចេតនាដល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ ដូចជាការធ្វើឱ្យបែកបាក់ ឬបាក់ស្រុតប្រព័ន្ធលូ ឬបណ្តាញលូ។
៨- ការតភ្ជាប់ឬកែប្រែប្រព័ន្ធលូ និងប្រើប្រាស់សម្ភារៈបរិក្ខារ និងគ្រឿងបង្គុំលូ គ្មានការយល់ព្រម និងគ្មានការអនុញ្ញាតពីភ្នាក់ងារមានសមត្ថកិច្ច ឬវិស្វករទទួលបន្ទុក ឬអ្នកបច្ចេកទេស។
៩- ការរំខាន ឬរារាំងដល់ការងារត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ និង/ឬប្រព័ន្ធលូ របស់ភ្នាក់ងារមានសមត្ថកិច្ចឬវិស្វករទទួលបន្ទុកឬអ្នកបច្ចេកទេស។
១០- ការសាងសង់អាងស្តុកទឹកកខ្វក់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងបង្កផលប៉ះពាល់ដល់ សុខភាពសាធារណៈ ឬបរិស្ថាន។
១១- ការបញ្ចេញទឹកសំណល់ ឬទឹកកខ្វក់មានសារធាតុមិនបានបំពេញត្រឹមត្រូវតាមកម្រិតស្តង់ដា បញ្ចេញសំណល់ ឬទឹកកខ្វក់ ចូលនៅក្នុងប្រព័ន្ធលូ ឬបណ្តាញលូ ៕
ដោយ ៖ សិលា