ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ស្នើសុំអាជ្ញាធររាជធានីភ្នំពេញទីតាំងនៅមុខវត្ដឧណ្ណាលោម ដើម្បីរៀបចំទិវាស្តង់តាំងម្ហូបអាហារ នៅថ្ងៃទី២២ ខែមីនា ដោយមានប្រាំមួយប្រទេសចូលរួម

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ,ឡាវ កម្ពុជា,ឥណ្ឌា, វៀតណាម និងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ។

   ការស្នើបែបនេះរបស់ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើង នារសៀលថ្ងៃទី០៤ខែមិនា ឆ្នាំ២០២៥  ខណៈឯកឧត្តម ចូលជួួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានមានប្រសាសន៍លើកឡើងថា៖ ឥណ្ឌានិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ ,ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម។បន្ថែមពីនេះឥណ្ឌាក៏បានជួយកម្ពុជាផងដែរ ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួននៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្មនិងប្រាសាទព្រះវិហារ។

  ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបន្តថា៖ តាមរយៈទំនាក់ទំនងការទូតល្អប្រសើរ រវាងកម្ពុជានិងឥណ្ឌានេះ យើងក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយយើងនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តសៀមរាបបន្ថែមទៀត។ ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង ៥០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅនិងរកស៊ីនៅរាជធានីភ្នំពេញ។ឯកឧត្ដម ពិតជាថ្លែង នូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌាដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។

     ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងពីការ កកើត រាជធានីភ្នំពេញ និងលើកឡើងពីភាពវេទនា ធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ តែក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យកំណើនប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ដោយគិតមកដល់ពេលនេះ បូកសរុបទាំងប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋដែលមកស្នាក់នៅរកស៊ីនៅភ្នំពេញ មានប្រមាណជាង៣លាននាក់។ ធ្វើឲ្យរាជធានីភ្នំពេញប្រឈមនឹងការស្ទះចរាចរណ៍ ដែលអាជ្ញាធររាជធានីបាននិងកំពុងដោះស្រាយ។ ជុំវិញការស្នើសុំរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ជុំវិញការធ្វើទិវាម្ហូប អាហារនៅរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានឯកភាព ជាមួយនិងការអនុញ្ញាតឱ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេល ដែលអាជ្ញាធររាជធានីភ្នំពេញបាន នឹងកំពុងបង្កើតឱ្យមានផ្លូវថ្មើជើង Walk Street នៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួល ទៅដល់ការរៀបចំពិធីម្ហូបអាហារខាងលើដំណើរការទៅបានស្រួល។

     ឯកឧត្ដមបញ្ជាក់ផងដែរថា៖ រដ្ឋបាលរីករាយភ្នំពេញក្រោយពីបង្កើតឲ្យមានផ្លូវថ្មើជើង Walk Streetបានធ្វើឲ្យកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍កើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ លោកសង្ឃឹមថា នៅពេលស្ថានទូតរៀបចំឲ្យមានការទិវាម្ហូបអា ហារនៅទីតាំងនេះ វានឹងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍កើនឡើងថែមទៀត៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print