អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនៅស្រុកស្វាយអន្ទរសមត្ថកិច្ចជួយពន្លត់ទាន់ពេលមិនឱ្យឆេះឆ្លងទៅផ្ទះផ្សេងៗទៀត

ចែករំលែក៖

ខេត្តព្រៃវែង÷ករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលបណ្តាលឲ្យលោកយាយម្នាក់វ័យ៨៨ឆ្នាំរងរបួសរលាកភ្លើងនិងទ្រពសម្បត្តិអស់មួយចំនួនធំត្រូវបាត់បង់។ ហេតុការណ៍នេះបានកើត ឡើងនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង១២និង ៤០នាទីរសៀល ស្ថិតនៅភូមិ បឹងវែង ឃុំ ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះឡើងគឺមកពីផ្ទះផ្សារគោយន្ត ហើយខ្ទាតផ្កាភ្លើងទៅប៉ះចំឃ្លាំងចំប៉ើងដែលដាក់ជាប់ផ្ទះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះមានឈ្មោះ អ៊ុច វន់ អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ធុយ នាង និងលោកយាយម្នាក់ឈ្មោះ អ៊ុច ប៊ូ អាយុ៨៨ឆ្នាំបានរងរបួសរលាកភ្លើង។ ចំពោះទំហំ នៃការខូតខាតវិញរួមមាន:ឆេះប្លង់ដី៥ប្លង់,ថវិកា៨,៥០០ ០០០រៀល,មាស ៦ជី ផ្ទះទំហំ ៧គុណ១៥ម៉ែត្រជញ្ជាំងក្តា ដំបូលប្រក់ក្បឿង និងរ៉ឺម៉កគោយន្ត១គ្រឿង។ 

ក្រោយទទួលបានសេចក្តីរាយការណ៍ពីរដ្ឋបាលប៉ុស្តិ៍ កម្លាំងអន្តរាគមន៍ស្រុកស្វាយអន្ទរ បានចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះ ដែលដឹកដោយលោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ ក្នុងបានប្រើ ប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង។

១,រថយន្តពន្លត់អគ្គីភ័យខេត្ត១គ្រឿង

២,រថយន្តពន្លត់អគ្គីភ័យស្រុកស្វាយអន្ទរ១គ្រឿង

៣,រថយន្តពន្លត់អគ្គីភ័យស្រុកបាភ្នំ១គ្រឿង

៤,រថយន្តពន្លត់អគ្គីភ័យស្រុកពោធិរៀង១គ្រឿង

៥,រថយន្តពន្លត់អគ្គីភ័យស្រុកមេសាង១គ្រឿង។

សូមបញ្ជាក់ផងដែរថាករណីនេះត្រូវបានពន្លត់រលត់ទាំង ស្រុងដោយមិនបណ្តាលអោយឆេះឆ្លងទៅផ្ទះផ្សេងៗទៀតឡើយ ដោយប្រើទឹកសរុប១៦រថយន្ត។

អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចំអិនម្ហូបអាហារ និងឧបករណ៍ប្រើប្រាស់ដែលអាចបញ្ចេញផ្កាភ្លើងបាន ហើយជាពិសេសគំនរចំប៉ើងកុំយកដាក់ក្បែរផ្ទះ ព្រោះវាអាចកើតឡើងនូវករណីអគ្គីភ័យជាយ:ថាហេតុ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print