ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថពីការធ្វើដំណើរដោយរថយន្តឯកជន វិលត្រឡប់មកធ្វើដំណើរដោយ មធ្យោបាយរួម ឬធ្វើដំណើរតាមរយៈថ្មើរជើងវិញ។ លោកឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈរូបលោកនិងភរិយាបានធ្វើដំណើរកម្សាន្តលើផ្លូវថ្មើរជើងWalk Street កាលពីថ្ងៃអាទិត្យ ដោយបានបង្ហាញពីភាពសប្បាយរីករាយ ដោយសារតែគម្រោងបើកឱ្យដំណើរការផ្លូវថ្មើរជើងនេះទទួលបានជោគជ័យដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីក្រៅតំបន់ប្រហែលជា ៤ទៅ ៥ម៉ឺននាក់ក្នុងមួយថ្ងៃបានមកដើរលេងកម្សាន្តសប្បាយ។
ក្នុងដំណើរត្រួតពិនិត្យវឌ្ឍនភាពផ្លូវថ្មើរជើងWalk Street មាត់ទន្លេនោះ
លោកឃួង ស្រេង បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី០៥ មីនា ឆ្នាំ២០២៥នេះថា៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានណែនាំឱ្យរាជធានី ខេត្តទាំងអស់ត្រូវបង្កើតនូវសមិទ្ធផលថ្មីៗឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិ ក្នុងដែនសមត្ថកិច្ចបស់ខ្លួន ធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម លក់ដូរក្នុងមូលដ្ឋានរបស់ខ្លួននេះ មានជីវភាពល្អប្រសើរ។ដូច្នេះហើយទើប រដ្ឋបាលរាជធានីភ្នំពេញយើង ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីយើងក៏បានរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះឡើង ដើម្បីទាក់ទាញទេសចរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរំលឹកថា៖ កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៅចុងអាណត្តិទី៦ សម្ដេចបានណែនាំថា រាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ធ្វើផ្សាររាត្រីក៏ដូចជាផ្លូវថ្មើរជើង ធ្វើយ៉ាងណាដើម្បីទាក់ទាញទេសចរដែលវាជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងភាពស៊ីវីល័យ ឱ្យពួកគាត់ប្តូរឥរិយាបថពីធ្វើដំណើរដោយរថយន្ត ដោយយានយន្ត ត្រីចក្រយាន។ល។មកធ្វើដំណើរដោយថ្មើរជើង ។ ការធ្វើដំណើរថ្មើរជើង វាជាប្រយោជន៍ច្រើនក្នុងការទាក់ទាញទេសចរជាតិនិងអន្តរជាតិ និងសុខុមាលភាពផ្ទាល់ខ្លួនរបស់ពួកគាត់ ។ សុខុមាលភាពប្រជាពលរដ្ឋ គឺជាសុខុមាលភាពរបស់ថ្នាក់ដឹកនាំ។ ហេតុដូច្នេះហើយ ទើបសម្តេចមហាបវរធិបតី ជំរុញឱ្យរាជធានី-ខេត្តទាំងអស់រៀបចំព្រឹត្តិការណ៍ផ្លូវថ្មើរជើងនេះ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ហើយវាក៏ជាជំនួយដល់សុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ ។ ក្នុងរាជធានីភ្នំពេញ តម្រូវការមួយដែលយើងចង់បាននោះគឺការប្តូរឥរិយាបថប្រជាពលរដ្ឋពីការធ្វើដំណើរដោយរថយន្តឯកជន វិលត្រឡប់មកធ្វើដំណើរដោយ មធ្យោបាយរួម ឬក៏ធ្វើដំណើរតាមរយៈថ្មើរជើង។ តាមរយៈការធ្វើដំណើរថ្មើរជើង ពួកគាត់នឹងទទួលបានសុខភាព មិនប៉ះពាល់ដល់លំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលកំពុងតែកកស្ទះចរាចណ៍ដែរនោះ ។
ការរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ពោលគឺនៅថ្ងៃដែលយើងបើកដំបូង ថ្ងៃទី១ ខែកុម្ភៈ គឹប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានយកយានយន្តរបស់គាត់ ចេញទៅខាងក្រៅ ផ្ញើនៅខាងក្រៅ ដោយទុកឱកាសឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអន្តរជាតិចូលរួមដំណើរកម្សាន្ត។
លោកអភិបាលរាជធានីភ្នំពេញបានបន្តថា៖ ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្រៅតំបន់ គឺប្រហែលជាចំនួន ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយបានបង្ហាញពីភាពសប្បាយរីករាយ នៅក្នុងការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី។ សម្តេចធិបតីបានណែនាំឱ្យអាជ្ញាធររាជធានី ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរឱ្យបានល្អ។គិតដល់ថ្ងៃនេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែគត់ តែចំពោះសន្តិសុខសុវត្ថិភាព គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋមិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។
លោក ឃួង ស្រេង បានបន្តទៀតថា រដ្ឋបាលរាជធានីបាននិងកំពុងរៀបចំជាបណ្តើរៗថែមទៀត ទី១ យើងរៀបចំ សិល្បៈវប្បធម៌ដែលជាប្រពៃណីជាតិយើង ដើម្បីបង្ហាញអំពីស្នាដៃ និងវប្បធម៌ដ៏ល្អផូផង់ របស់ដូនតាយើង ដែលបន្សល់ទុកឱ្យយើងពីដូនតាមក បង្ហាញដល់យុវជនជំនាន់ក្រោយ អំពីវប្បធម៌របស់យើង ដូចជាល្ខោនបាសាក់ ចាប៉ីដងវែង ចម្រៀងអាយៃ៉ ដែលយើងនឹងខិតខំប្រឹងប្រែងទាក់ទាញដល់អ្នកសិល្បករ ឱ្យមកសម្តែង បង្ហាញនូវសមត្ថភាពរបស់គាត់ ជូនដល់ទស្សនិកជន ។ មានទាំងសៀករហ័សកម្ម របស់ជនបរទេសដែលមិនមានការគ្រោងទុក បានមកលេងជាមួយនិង ប្រជាពលរដ្ឋឈរមើលច្រើនកុះករ។បន្ថែមពីនេះយើងនឹងរៀបចំឱ្យមានការលក់ដូរម្ហូបចំណី បង្អែមប្រពៃណីជាតិ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។
លោកអភិបាលរាជធានីភ្នំពេញ បានអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចង្អុលបង្ហាញដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំផ្លូវថ្មើរជើង។ ក្រោយរៀបចំបានចប់សព្វគ្រប់យើងនឹងរៀបចំសម្ពោធ និងប្រសិទ្ធនាមផ្លូវថ្មើរជើងរបស់យើងជូនដល់ប្រជាពលដ្ឋយើងឱ្យបានហៅដូចគ្នា ។ អាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យបានច្រើនលើសលប់ ដោយធានាឱ្យបានសុវត្ថិភាពជូនទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាមុខរបរអាជីវកម្មរបស់បងប្អូននៅក្នុងតំបន់ឱ្យទទួលបានជោគជ័យ មានជីវភាពកើនឡើងជាលំដាប់ ៕
ដោយ៖ សំរិត