ខេត្តសៀមរាប ៖ ប្រាសាទ ផ្ទី នៅ កណ្ដាល បារាយណ៍ ប្រាសាទ បេងមាលា ពេល មាន ទឹក បែប នេះ គឺ មាន លក្ខណៈ ស្រស់ ស្អាត ប្លែក
កសាង ចុង សតវត្សរ៍ ទី ១២ ក្នុង រជ្ជកាល ព្រះ បាទ ជ័យ វរ្ម័ន ទី ៧ ឧទ្ទិស ថ្វាយ ពុទ្ធ សាសនា មហាយាន រចនាបថ បាយ័ន ។
ស្ថិតនៅ ក្នុង ភូមិ បេងមាលា ឃុំ បេងមាលា ស្រុក ស្វាយលេី ខេត្តសៀមរាប ។
សូមបញ្ជាក់ថា ៖ ក្នុងកំឡុងឆ្នាំ ២០២១ ក្រុមការងារជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា រួចរាល់ហើយធ្វើឱ្យប្រាសាទនេះលេចចេញរូបរាងឡើងវិញយ៉ាងល្អប្រណិត សម្រាប់កូនខ្មែរនិងភ្ញៀវទេសចរ បានទស្សនាសិក្សាស្វែងយល់។
កន្លងទៅលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ដើម្បីថែរក្សា និងអភិរក្ស សម្បត្តិបេតិកភណ្ឌជាតិ ទុកដល់កូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់ អាជ្ញាធរជាតិអប្សរាបានសហការជាមួយវិស័យឯកជន សម្រេចជួសជុលប្រាសាទផ្ទីឡើងវិញ ។ លោកបន្តថា គម្រោងជួសជុលប្រាសាទផ្ទី បានសម្រេចរួចរាល់ហើយនៅចុងខែឧសភាថ្មីៗនេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែមេសា ឆ្នាំ២០២១កន្លងមក ក្រោមការចូលរួមពីវិស័យឯកជន គឺលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
លោកបន្តថា ៖ ដំណើការជួសជុលប្រាសាទផ្ទីនេះ មានការលំបាកបន្ដិច ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលាក្នុងព្រៃហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ជាហេតុពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។
“យើងធ្វើកំណាយ១ខែកន្លះ យើងចាប់ផ្តើមជួសជុលដូចជាអំឡុងខែ៤ វិធីសាស្ត្រជួសជុលជាងកំពូលមានបទពិសោធន៍ ដាក់ថ្មខាងក្រោមលឿន ពីខាងលើយើងចាប់ដាក់ហើយ បើយូរពេលជំនួសថ្មថ្មី ក្នុងមួយដុំយ៉ាងតិចមួយអាទិត្យយើងដាប់ថ្មឱ្យស៊ីនិងថ្មចាស់ កិច្ចការនេះទើបតែបញ្ចប់”។
សូមជម្រាបផងដែរថា ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម រាងការ៉េប្រវែង១៥ម៉ែត្របួនជ្រុង និងមានជញ្ជាំងព័ទ្ធជុំវិញកម្ពស់១ម៉ែត្រ ។ នៅចំកណ្តាល គេតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ម៉ែត្រ ធ្វើអំពីថ្មភក់ ដែលទំនងជាត្រូវបានសាងសង់ឡើងរវាងពាក់កណ្ដាលសតវត្សទី១២ ទៅចុងសតវត្សទី១២៕
ដោយ ៖ សិលា