ភ្នំពេញ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តម៉ាក FORD RANGER WOLDTRAK ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CC-1099 បើកបរតាមបណ្តោយមហាវិថីព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ។
ខណៈមកដល់មុខក្រសួងមហាផ្ទៃ ក៏ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបង្កឲ្យខូចខាតចំនួន១កង់ ចំណែករថយន្ត បានរងការខូចខាតខាងមុខខាងឆ្វេង ដាច់កាឡេកង់មិនអាចបន្តដំណើរទៅមុខទៀតបាន ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ក្រោយមកម្ចាស់រថយន្តបានចេញពីទីតាំងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ