ខ្សែការពាររបស់ក្លិប Al-Hilal កីឡាករ Joao Cancelo នឹងអវត្តមានរយៈពេល២ខែ ដោយសាររបួសសរសៃពួរ។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបនៅ Saudi Pro League បាននិយាយកាលពីថ្ងៃចន្ទ។
កីឡាករអន្តរជាតិព័រទុយហ្គាល់ដែលបានចូលរួមជាមួយ Al-Hilal ពី Manchester City រូបនេះនឹងខកខានការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ Nations League របស់ប្រទេសរបស់គាត់ជាមួយនឹងក្រុមដាណឺម៉ាកនៅចុងខែនេះ។
ក្លិប Al-Hilal បានបង្ហោះនៅលើបណ្តាញទំនាក់ទំនង X ថា “ការធ្វើតេស្តបានបង្ហាញថា Joao Cancelo មានរបួសសរសៃពួរ ហើយគាត់នឹងឆ្លងកាត់កម្មវិធីព្យាបាល និងស្តារនីតិសម្បទារយៈពេល៨សប្តាហ៍” ។
អតីតកីឡាករ Juventus, Inter Milan, Manchester City, Bayern Munich និង Barcelona រូបនេះរកបាន២គ្រាប់ និង Assist ១១ដង ក្នុង៣១ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ជាមួយក្លិប Al-Hilal ។
ក្រុមរបស់លោក Jorge Jesus ដែលឈរនៅលេខរៀងទី២ក្នុងតារាង Saudi Pro League ដោយមាន៥១ពិន្ទុតាមពីក្រោយក្រុម Al-Ittihad ចំនួន៦ពិន្ទុនឹងជួបជាមួយក្រុម Pakhtakor របស់លីកប្រទេស Uzbekistan ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃ AFC Champions League Elite នៅថ្ងៃអង្គារនេះ ៕ (រូបភាព ៖ BBC)