រុស្ស៊ីនិង មីយ៉ាន់ម៉ាកំពុងតែ អនុវត្តយុទ្ធសាស្ត្រ “ការទូតដំរី” និង« យន្តហោះចម្បាំង»

ចែករំលែក៖

ក្នុងជំនួបកាលពីថ្ងៃទី៤ ខែមីនា លោកពូទីនបានសរសើរទំនាក់ទំនងបើកចំហកាន់តែខ្លាំងជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងអរគុណមេដឹកនាំ Min Aung Hlaing ដែលបានផ្តល់ឱ្យរុស្ស៊ីនូវកូនដំរីចំនួន6 ក្បាល។

យោងតាមអ្នកវិភាគផ្នែកយោធា អំណោយនេះធ្វើឡើងស្របពេលដែលរុស្ស៊ីបានបញ្ចប់ការបញ្ជូនយន្តហោះចម្បាំងចំនួនប្រាំមួយគ្រឿងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកនៃ “ការទូតដំរី” រវាងរដ្ឋាភិបាលទាំងពីរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង នៅថ្ងៃទី 4 ខែមីនាថា “ឆ្នាំនេះយើងប្រារព្ធខួបលើកទី 25 នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីមូលដ្ឋានគ្រឹះនៃមិត្តភាពរវាងប្រទេសរបស់យើង” ។
ក្រៅពីនេះ ប្រមុខនៃប្រទេសរុស្ស៊ីបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរពិតជាកំពុងអភិវឌ្ឍជាលំដាប់ នៅពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង 40% នៅឆ្នាំ 2024 នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
ក្នុងជំនួបរវាងមេដឹកនាំទាំងពីរ រុស្ស៊ី និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សាជីវកម្មថាមពលនុយក្លេអ៊ែររបស់រដ្ឋរុស្ស៊ី Rosatom បាននិយាយថា រោងចក្រនេះនឹងមានសមត្ថភាពរហូតដល់ 110 មេហ្គាវ៉ាត់ និងអាចកើនឡើងដល់ 330 មេហ្គាវ៉ាត់។
លើសពីនេះ លោកប្រធានាធិបតី ពូទីន បានប្រកាសថា អង្គភាពយោធាមីយ៉ាន់ម៉ា នឹងចូលរួមនៅក្នុងក្បួនដង្ហែរនៅទីក្រុងមូស្គូ នៅថ្ងៃទី 9 ឧសភា ដើម្បីប្រារព្ធខួបលើកទី 80 នៃជ័យជំនះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី 2 មេដឹកនាំ Min Aung Hlaing ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
លោក Min Aung Hlaing បានប្រាប់មេដឹកនាំវិមានក្រឹមឡាំងថា “ខ្ញុំជឿថា ជ័យជម្នះត្រូវតែជារបស់ប្រទេសរបស់អ្នក ក្រោមការដឹកនាំដ៏រឹងមាំ និងការសម្រេចចិត្តរបស់អ្នក” ។
ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ានម៉ាធ្វើឡើងក្នុងបរិបទដែលរុស្ស៊ីនិងមីយ៉ាន់ម៉ាកំពុងជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលអស់ជាច្រើនឆ្នាំ ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមទ័ពព្រៃគាំទ្រលទ្ធិប្រជាធិបតេយ្យបានវាយប្រហាររដ្ឋាភិបាលយោធាបន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2021 ។
ការគាំទ្ររបស់ទីក្រុងមូស្គូបានក្លាយជាកត្តាសំខាន់សម្រាប់យោធាមីយ៉ាន់ម៉ា ជាពិសេសកម្លាំងទ័ពអាកាសរបស់ខ្លួន ខណៈដែលវាប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមទ័ពព្រៃដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅលើរណសិរ្សជាច្រើន។
មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ី និងមីយ៉ាន់ម៉ាក៏មានរឿងដូចគ្នាមួយទៀតដែរ គឺប្រទេសទាំងពីរកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ៗពីលោកខាងលិច៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print