សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិ John Healey នឹងជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅក្នុងទីក្រុងវ៉ាស៉ីនតោន នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន។
ដំណើរទស្សនកិច្ចរបស់លោក Healey ធ្វើឡើងនៅពេលដែលមេដឹកនាំអឺរ៉ុប នាំគ្នារៀបចំផែនការសន្តិភាពមួយ ដើម្បីបង្ហាញដល់ទីក្រុងវ៉ាស៉ីនតោន ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ លោក Healey បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «យើងនឹងជំរុញការងារនោះ នៅវ៉ាស៉ីនតោន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។
ក្រោយជួបប្រជុំជាមួយមេដឹកនាំពិភពលោក កាលពីចុងសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា លោកនឹងបន្តនិយាយជាមួយមិត្តភ័ក្តិ ក៏ដូចជាសម្ព័ន្ធមិត្ត ដើម្បីត្រួសត្រាយផ្លូវ ឆ្ពោះទៅរកសន្តិភាពយូរអង្វែង។ ខណៈមេដឹកនាំភាគច្រើនមិនផ្តល់ព័ត៌មានលម្អិត ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា ផែនការនេះ ពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេលមួយខែ ដែលអាចរអនុវត្តចំពោះការវាយប្រហារតាមផ្លូវអាកាស និងសមុទ្រ៕ ដោយធីរីណា
រូបថត: The guardian