ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជានាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ាន និងពិភពលោក ហើយមួយវិញទៀត កិច្ចប្រជុំនេះក៏ជាកតាលិករមួយ សម្រាប់ជំរុញនូវវឌ្ឍនភាពជាក់ស្តែងក្នុងតំបន់ផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលនាថ្ងៃនេះ មិនត្រឹមតែវេទិការសម្រាប់ការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាកតាលិករសម្រាប់ជំរុញវឌ្ឍនភាពជាក់ស្តែងផងដែរ ពោលគឺជាមូលបទសម្រាប់ជំរុញការតភ្ជាប់តំបន់អាស៊ាន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ដោយបានគូសរំលេចយ៉ាងល្អឥតខ្ចោះនូវបំណងក្នុងការបង្កើតសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ជាដើមនោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា តំបន់អាស៊ានបានវិវត្ត ខ្លួនទៅជានិមិត្តរូបនៃស្ថេរភាព វិបុលភាពដោយមានសក្តានុពលដ៏សំខាន់ ដែលអាចឆ្លុះបញ្ចាំងតាមរយៈ សេដ្ឋកិច្ចធំលំដាប់ទី៥ ក្នុងពិភពលោក។
សម្តេចធិបតី បានថ្លែងបន្ថែមថា តំបន់អាស៊ានមានបរិយាកាសគួរឲ្យទាក់ទាញជាមួយនឹងជីវភាព សេដ្ឋកិច្ចដ៏រឹងមាំ ជាមួយការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំចំពោះភាពជាដៃគូសំខាន់ៗ ជាច្រើនទៀត។ សម្តេចធិបតី បានលើកឡើងទៀតថា វឌ្ឍនភាពរបស់យើង(អាស៊ាន)ត្រូវបានគាំទ្រដោយ ពាណិជ្ជកម្មរឹងមាំទាំងក្នុងតំបន់ និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ បានធ្វើឲ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្រ្តសម្រាប់លំហូរមូលធនពិភពលោក រួមទាំងបាន ក្លាយជាកន្លែងសហការដ៏មានតម្លៃផងដែរ៕
ដោយ៖តារា