ភ្នំពេញ ៖ ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី “អបអរសាទទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ និង ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសិល្បករ សិល្បការិនី !
១. ភាពសម្បូរបែបនៃបេតិកភណ្ឌនៅគ្រប់ទីកន្លែងនៃប្រទេស គឺជាមោទនភាពរបស់ជាតិនិង ប្រជាជន ប៉ុន្តែ បញ្ហាប្រឈមពាក់ព័ន្ធកិច្ចអភិរក្សថែរក្សា និង ផលប៉ះពាល់កម្មសិទ្ធិប្រជា ពលរដ្ឋ, ជាពិសេស សិទ្ធិកាន់កាប់ និង ប្រើប្រាស់ដីធ្លី, មិនទាន់ត្រូវបានដោះស្រាយបញ្ចប់ ជាស្ថាពរនៅឡើយ ។ ស្របតាមផែនការអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការកាត់បន្ថយ និង បញ្ចប់បញ្ហាជម្លោះដីធ្លីនៅទូទាំងប្រទេស, តាមរយៈការ ចេញប្លង់កម្មសិទ្ធិដីធ្លី សម្តេចបវរធិបតី ណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការ ជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បីកំណត់ជាអតិបរមា ក្នុងឆ្នាំ ២០២៥ នេះ នូវតំបន់ចាំបាច់បំផុត សម្រាប់ការពារគ្រប់បុរាណដ្ឋាន ដោយត្រូវឈរលើគោល ការណ៍ពីរសំខាន់ គឺការពារបាននូវតម្លៃដើមរបស់បេតិកភណ្ឌ រួមទាំងបេតិកភណ្ឌដែលមាន សក្តានុពលក្រោមដីផង និង កាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ដល់ប្រជាជន ។ សម្តេចបវរធិបតី ជឿថា នេះ ជាការងារបន្ទាន់ចំពោះមុខ ដែលនាំទៅដល់ការការពារបានជា ស្ថាពរពីការរំលោភបំពាន និង ក៏ជាការសម្របសម្រួលដល់យុទ្ធនាការវាស់វែង និង ចេញប្លង់ កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋផងដែរ ។
២. ជោគជ័យនៃការចុះបញ្ជី ទាំងបេតិកភណ្ឌរូបី និង អរូបី បន្តក្លាយជាមោទនភាពជាតិ និង បន្ត ពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិ តាមរយៈ វិស័យសិល្បៈវប្បធម៌ ។ សម្តេចបវរធិបតី ជំរុញលើកទឹកចិត្តដល់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បន្តការងារដ៏មានតម្លៃនេះ និង ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងបរិស្ថាន បន្តពង្រឹងកិច្ចសហការ និង ដាក់ចេញនូវគម្រោងបន្តចុះបញ្ជីនៅលើតំបន់ធម្មជាតិនានារបស់យើង ទាំងក្នុងបញ្ជីបេតិកភណ្ឌ ធម្មជាតិរបស់អង្គការយូណេស្កូ ក៏ដូចជា ក្នុងបញ្ជីនៃយន្តការតំបន់អាស៊ាន ជាដើម ។
៣. វឌ្ឍនភាពថ្មីៗនៃវិស័យឯកជន, ជាពិសេសសហគ្រាសធុនតូច និង មធ្យម ព្រមទាំងសិប្បកម្ម ខ្នាតតូច មធ្យម និង លក្ខណៈគ្រួសារ ពាក់ព័ន្ធនឹងផលិតផល ដែលមានលក្ខណៈប្រពៃណី ជាអាទិ៍ តម្បាញ ហូល ផាមួង ចម្លាក់ សូនរូប ព្រមទាំងផលិតផលប្រពៃណី ក្រោមទម្រង់ជា របស់របរប្រើប្រាស់ប្រចាំថ្ងៃ និង វត្ថុអនុស្សាវរីយ៍នានា គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការ បោះជំហានទៅមុខ និងការចូលរួមរបស់វិស័យសិល្បៈវប្បធម៌ក្នុងកំណើនសេដ្ឋកិច្ចរបស់យើង។
៤. កិច្ចការអភិរក្សសិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មិនប្រាកដមានន័យថា ត្រូវតែនៅទ្រឹង មួយកន្លែងដោយមិនធ្វើពិពិធកម្ម ដោយមិនកែច្នៃ និង អភិវឌ្ឍថ្មី នោះទេ ។ សម្តេចបវរធិបតី ជំរុញលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី សម្រាប់ជា ជំនួយបង្កើនចំណាប់អារម្មណ៍ និង ភាពទាក់ទាញ ដោយត្រូវកាត់បន្ថយជាអតិបរិមា នូវផល ប៉ះពាល់ជាយថាហេតុមកលើចរិតលក្ខណៈដើមនៃសិល្បៈវប្បធម៌បុរាណយើង ។ ក្នុងន័យ នេះ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរពង្រីកតំបន់សកម្មភាពរបស់ខ្លួន ដាក់ចេញនូវគំនិត ផ្តួចផ្តើមថ្មីៗក្នុងការធ្វើទំនើបកម្មវិស័យនេះ, ជាពិសេស បង្កើនកិច្ចសហការ និង ដកស្រង់បទ ពិសោធន៍ពីបណ្តាប្រទេសនាំមុខផ្នែកឧស្សាហកម្មវប្បធម៌ ។
៥. សម្តេចបវរធិបតី ពិតជាមានមោទនភាពចំពោះកម្រិតជោគជ័យនៃសកម្មភាពថែទាំ ជួសជុល លើកតម្លៃបេតិកភណ្ឌរូបី នៅទូទាំងប្រទេស ដោយរួមបញ្ចូលទាំងប្រាង្គប្រាសាទ, ហេដ្ឋារចនា សម្ព័ន្ធបុរាណ និង ប្រវត្តិសាស្ត្រ ព្រមទាំងបុរាណដ្ឋានផ្សេងៗ ជាមួយនឹងការកសាងនូវបទ ពិសោធន៍ខ្ពស់, យន្តការការងារច្បាស់លាស់, ធនធានមនុស្សបន្តវេនមានភាពរឹងមាំ ក្នុងការ បន្តថែរក្សាសម្បត្តិបេតិកភណ្ឌទាំងនេះ ឱ្យរឹងមាំគង់វង្សទៅថ្ងៃអនាគត ។
ជាមួយនឹងមោទនភាពនេះ សម្តេចបវរធិបតី ក៏នៅព្រួយបារម្ភអំពីហានិភ័យនៃការបាត់បង់ ទម្រង់បេតិកភណ្ឌអរូបីមួយចំនួន ដែលភាពគង់វង្ស គឺអាស្រ័យទាំងស្រុងទៅនឹងធនធាន មនុស្សបន្តវេន ជាពិសេស សម្រាប់វិស័យសិល្បៈ សិប្បកម្ម ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ។
៦.
អនុលោមតាមកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល សម្តេចបវរធិបតី ណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បន្តពង្រឹងក្របខ័ណ្ឌការងាររបស់ សាលាមធ្យមវិចិត្រសិល្បៈ ក៏ដូចជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងទិសដៅបង្កើនឱ្យបានចំនួនសិស្សនិស្សិតជំនាញ ច្រើនប្រកបទៅដោយការស្រាវជ្រាវ និង ស្វែងយល់ស៊ីជម្រៅលើឫសគល់នៃតម្លៃជាតិ និង គំនិតច្នៃប្រឌិតថ្មី ។ ទន្ទឹមនេះ ដើម្បីពង្រឹងកិច្ចសហការ និង រៀនសូត្រពីបទពិសោធន៍នានា ទាំងក្នុង និង ក្រៅប្រទេស ដែលទទួលបានជោគជ័យលើ វិស័យឧស្សាហកម្មវប្បធម៌ និង ច្នៃប្រឌិត, សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង វិស័យឯកជន ត្រូវបញ្ជូនមន្ត្រី សិល្បករ សិល្បការិនី សិប្បករ ទៅសិក្សាដកពិសោធន៍ និង សហការជាមួយ ដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងស្រុក ។
៧. ការបន្តបើកឱកាសដល់យុវជនចូលរួមកិច្ចការផ្ទាល់របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដូចជា ការបន្តនាំសិល្បៈវប្បធម៌ខ្មែរផ្សព្វផ្សាយនៅក្រៅប្រទេស តាមរយៈ ពិព័រណ៍វត្ថុបុរាណ ខ្មែរ និង ការសម្តែងសិល្បៈនៅក្រៅប្រទេស ក៏ជាឱកាសល្អក្នុងការកសាងបទពិសោធន៍ សម្រាប់សិស្សនិស្សិតផងដែរ ។ ពាក់ព័ន្ធចំណុចនេះ សម្តេចបវរធិបតី វាយតម្លៃខ្ពស់ចំពោះ ភាពសកម្មរបស់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងការពាំនាំរូបភាពកម្ពុជាទៅផ្សព្វផ្សាយ នៅក្រៅប្រទេស និងថ្លែងអំណរគុណចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស ដែលតែងតែចូលរួម គាំទ្រសកម្មភាពទាំងនេះ ក្នុងន័យនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និង ស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បី ផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យ សហគមន៍ខ្មែរ នៅបរទេសចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិ ឱ្យបានអធិកអធម និង ទូលំទូលាយ ។
៨. សម្រាប់វិស័យភាពយន្ត ដែលជាធាតុមួយដ៏សំខាន់នៃឧស្សាហកម្មវប្បធម៌ និងដែលជាង ១ ឆ្នាំ កន្លងមកនេះ សម្តេចបវរធិបតី បានចូលរួមពិនិត្យដោយផ្ទាល់ និង បានដាក់ចេញនូវវិធានការ ដោះស្រាយបញ្ហាមួយចំនួន ដោយរួមបញ្ចូលទាំងគោលការណ៍សម្រួលដល់សកម្មភាពថត ភាពយន្តនៅកម្ពុជា ទាំងសម្រាប់ផលិតកម្មក្នុងស្រុកនិងបរទេស ។ ប៉ុន្តែ ស្ថានភាពជាក់ស្តែង ហាក់ពុំទាន់ទទួលបានភាពរលូន ដែលអនុញ្ញាតឱ្យគ្រប់ផលិតករទទួលជោគជ័យជាមួយនឹង ការចំណាយថវិកា និង ពេលវេលាសមស្រប ។ ជាការពិត, ទីផ្សារភាពយន្តនៅកម្ពុជាពុំទាន់ មានលក្ខណៈធំទូលាយ រីឯវិស័យឯកជននិងគ្រប់ផលិតករ ពុំទាន់បានត្រៀមខ្លួនសម្រាប់ ការវិនិយោគលើសេវាជួលឧបករណ៍ និង ទីតាំងទាំងនេះនៅឡើយ ។ ជាមួយគ្នានេះ ការជួល ឧបករណ៍ទាំងនេះ ពីប្រទេសជិតខាងនៅមានតម្លៃខ្ពស់ រីឯនីតិវិធីនាំចូលសម្ភារ:បម្រើឱ្យការ ថត នៅមានភាពស្មុគស្មាញមួយចំនួន ។ ជាមួយគ្នានេះ ក៏នៅមានបង្ហាញមួយចំនួនដែល យើងត្រូវធ្វើការកែសម្រួល ដើម្បីឱ្យមានការសហការររបស់ក្រសួង-ស្ថាប័ន និង អាជ្ញាធរដែនដី ក្នុងការសម្រួលដល់សកម្មភាពថត ម្រួលដល់សកម្មភាពថត ហើយទីតាំងសក្តានុពលជាច្រើនក៏ ហើយទីតាំងសក្តានុពលជាច្រើនក៏ត្រូវសម្រួលផងដែរ។
៩. បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និង សេវាសម្រួលដល់សកម្មភាពទស្សនារបស់ភ្ញៀវ ទេសចរ នៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ, ជាពិសេស រមណីយដ្ឋានអង្គរ ត្រូវបាន បន្តពង្រឹងជាបន្តបន្ទាប់ ។ សម្តេចបវរធិបតី លើកទឹកចិត្តដល់ អាជ្ញាធរពាក់ព័ន្ធ បន្ត សកម្មភាពនេះ, ជាពិសេស តម្រង់ទិសបន្ថែមទៅដល់ទីតាំងប្រាសាទផ្សេងទៀត ឱ្យមានអនា ម័យ និង សណ្តាប់ធ្នាប់ខ្ពស់។ ។ ជាមួយនេះ, ការគិតគូរបន្ថែមទៅលើទម្រង់សេវាកាត់ បន្ថយភាពនឿយហត់ក្នុងការទស្សនា ដូចជា ទីតាំងសម្រាក និង ការគិតគូរផ្សេងៗទៀត។ ដោយឡែក សម្តេចបវរធិបតី ណែនាំឱ្យ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ក្រសួង ទេសចរណ៍ បន្តកិច្ចសហការលើកកម្ពស់គុណភាពសេវាទេសចរណ៍ និង កិច្ចពង្រឹងសមត្ថភាព របស់មគ្គុទ្ទេសក៍ទេសចរណ៍ ទាំងសមត្ថភាពភាសាបរទេស និង ចំណេះដឹងផ្សេងៗ។ បន្ថែម ពីលើនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបន្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន និង សហគមន៍នានា នៅតាមទីតាំងប្រវត្តិសាស្ត្រផ្សេងទៀត ទោះបីជាមិនទាន់ក្លាយជា បេតិកភណ្ឌពិភពលោកក្តី តែជាបេតិកភណ្ឌជាតិយើង ត្រូវជួយថែរក្សាទីតាំងបុព្វបុរសយើង ទាំងប៉ុន្មាន ឱ្យមានរបៀបរៀបរយ បរិស្ថានស្អាត ដោយមិនត្រូវទុកទីតាំងនោះ ក្នុងស្ថានភាព ស្ងប់ស្ងាត់ ខ្វះភាពទាក់ទាញ ខ្វះការរៀបចំនោះឡើយ ៕
ដោយ ៖ សិលា