កាត់ដំបូលផ្ទះ ធ្លាក់កម្ទេចផ្កាភ្លើង បង្កជាអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ក្រោយស្ថានទូតបារាំង

ចែករំលែក៖

ភ្នំពេញ ៖ ជាងកាត់ដែកដំបូលខ្វះប្រុងប្រយ័ត្ន ធ្លាក់កម្ទេចផ្កាភ្លើង បណ្តាលអោយឆេះផ្ទះឈើមួយខ្នង ស្ទើរទាំងស្រុង នឹងសម្ភារៈមួយចំនួន ផ្អើលអស់ពលរដ្ឋយកទឹកមកជួយពន្លត់ ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ នឹង ០០នាទីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ក្រោយស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុ មានជាងមួយក្រុមបានមកផ្ទះរបស់គាត់ ឡើងលើដំបូល ដើម្បីកាត់ដែកដំបូលជួសជុល ខណៈកំពុងកាត់ដែកដំបូល ក៏ស្រាប់តែធ្លាក់កម្ទេចផ្កាភ្លើង ចុះទៅក្រោម ដែលខាងក្រោមជាផ្ទះឈើ ខណៈម្ចាស់ផ្ទះមិននៅ បណ្តាលអោយឆាបឆេះតែម្តង ។ ចំណែកក្រុមជាងដែលកាត់ដំបូលនោះ បានរត់ជាន់ជើងគ្នា គេចខ្លួនបាត់ស្រមោលតែម្តង ។ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នាជួយយកទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារមានផ្សែងហ៊ុយច្រើនផង ទើបសម្រេចចិត្តប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ភ្លាមនោះក៏ចេញរថយន្ដពន្លត់អគ្គិភ័យជួយអន្ដរាគមន៍ទាន់ពេលវេលា ។

តាមនគរបាលបានឲ្យដឹងថាអគ្គិភ័យនេះដែរបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីអស់៥០ភាគរយ រួមសម្ភារៈមួយចំនួនធំ នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់ចំនួន០១គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចស្រាវជ្រាវរកឃើញថា បណ្តាលមកពី ជាងកាត់ដំបូលធ្លាក់កម្ទេចភ្លើង ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print