ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារបើកម៉ូតូក្នុងល្បឿនលឿនរេចង្កូតដួលធ្លាក់ចូលស្រះត្រូវម៉ូតូរបស់ខ្លួនសង្កត់ពីលើ។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីទាបភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិសេដា ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមមន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកSUZUKIស្មាស់ ធន់សេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1F-2173 បើកបរដោយឈ្មោះសុខា សាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានបើកបរម៉ូតូក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ មកដល់ចំណុចកើតហេតុបានធ្លាក់ផ្លូវចូលស្រះត្រពាំងមួយហើយម៉ូតូសង្កត់ពីលើខ្លួនបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។
ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកសាកសពជនរងគ្រោះបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ