ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី
ភ្នំពេញ នាររសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចំពោះករណី ជនជាតិចិន៣នាក់ ដែលម្នាក់ជាមេក្លោង ក្រុមឧក្រិដ្ឋ និង ជាមេក្លោងឃាតករ ក្នុងការសម្លាប់នារីខ្មែរយកសពទៅកប់ ដោយសារនារីរងគ្រោះដឹងរឹងសម្ងាត់របស់ពួកគេ ពេលនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនត្រូវចោទទាំង៣នាក់ខាងលើ ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចវៀតណាម បានចាប់ខ្លួនមេក្លោងឃាតករ ដែលជាអ្នករៀបចំគំរោងសម្លាប់នារីខ្មែរសង្សារចិន យកសាកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន៣ គឺចាប់បាន និងនាំមកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅពាក់ កណ្តាលយប់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ នេះ។ ខណៈបក្ខពួក២ នាក់ត្រូវបញ្ជូនទៅតុលាការ កំពុងបើកដំណើរការស៊ើបសួរ ហើយក៏មានការបែកធ្លាយព័ត៌មានថា ពួកគេជាសមាសភាពក្រុមឧក្រិដ្ឋ ជនចាប់ជម្រិតទារប្រាក់។
សូមរំលឹកថា កាលវេលាម៉ោង ថ្ងៃទី០១ខែមិនាឆ្នាំ២០២៥ ស្ថិតនៅចំដីឡូត៍មួយកន្លែង ផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក. សង្កាត់ជើងឯក. ខណ្ឌដង្កោ រាជធានី ភ្នំពេញ នារីម្នាក់ត្រូវបានឃាតករជាសង្សាសម្លាប់រួចយកទៅកប់ចោលទាំងអាក្រាតកាយក្នុងដីឡូត៍ ដោយសារនារីរងគ្រោះដឹងរឹង សម្ងាត់របស់ពួកគេ ពាក់ព័ន្ធការចាប់ជម្រកតទារប្រាក់ ដែលសពនារីរងគ្រោះខាងលើមានឈ្មោះ ហេង សៀវលី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអនឡាញ ។
បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់ ចៅក្រមស៊ើបសួរកំពុងស៊ើបសួរបន្ត អាចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន នាល្ងាចថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥នេះ ៕ ដោយ៖ រ៉ារ៉ា