ឱ្យកូនចៅជិះម៉ូតូទៅរៀនមិនពាក់មួកសុវត្ថិភាព ដើរបញ្ច្រាស់ការអប់រំ ហើយដំណឹងរន្ធត់អាចធ្លាក់លើអ្នក!

ចែករំលែក៖

ភ្នំពេញ ៖ នៅពេលដែលសិស្សានុសិស្សជិះម៉ូតូទៅសាលាមិនរៀនដោយពាក់មួកសុវត្ថិភាព មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរបញ្ច្រាស់ទស្សនៈអប់រំ ពោលគឺប្រៀបបាននឹងការបណ្តុះទម្លាប់អវិជ្ជមានដល់កូនចៅមិនចេះគោរពច្បាប់តាំងពីពួកគេទៅទទួលការអប់រំ ហើយថ្ងៃណាមួយអ្នកទទួលទូរសព្ទប្រាប់ដំណឹងរន្ធត់ អាចជារូបអ្នកក៏ថាបាន។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ។

លោកបណ្ឌិតបានបន្ថែមថា ការជិះម៉ូតូទៅរៀនដោយមិនពាក់មួកសុវត្ថិភាព គឺជាការមិនគោរពច្បាប់ និងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ហើយទង្វើនេះ មិនសមទំនងទាល់តែសោះ ដោយសារម្យ៉ាងពួកគេកំពុងស្ថិតក្នុងអំឡុងពេលទទួលការអប់រំ និងម្យ៉ាងទៀត ឪពុកម្ដាយដែលមានលទ្ធភាពទិញម៉ូតូឱ្យកូនជិះទៅរៀន បែរជាគ្មានលទ្ធភាពទិញមួកសុវត្ថិភាពឱ្យកូនពាក់ ឬមិនអាចណែនាំឱ្យកូនមានទម្លាប់គោរពច្បាប់ និងការពារសុវត្ថិភាព ខណៈករណីអ្នកដំណើរស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើតមានរៀងរាល់ថ្ងៃ។

លោកបណ្ឌិត បានបន្ថែមថាក្នុងន័យដើមថា«ពួកគេនឹងក្លាយជាអ្នកធ្វើដំណើរដ៏មមាញឹកនៅពេលទៅរៀនសាកលវិទ្យាល័យ និងធ្វើការ។ តើពួកគេអាចនឹងគោរពច្បាប់ចរាចរណ៍បានល្អទេ បើពួកគេមានទម្លាប់មិនគោរពច្បាប់ពីនៅរៀនទៅហើយនោះ? ម្យ៉ាងទៀត តើមេរៀនដែលបញ្ជ្រាបអំពីគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្មវិធីសិក្សា នឹងទៅជាបែបណា បើពួកគេជាសិស្សមិនបានចូលរួមអនុវត្តផង? ដូច្នេះខ្ញុំយល់ថាទម្លាប់បែបនេះគួរកុំឱ្យមានតទៀត យើងត្រូវរួមគ្នាបង្ការហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍តាំងពីពេលនេះទៅ ហើយការចូលរួមពីឪពុកម្ដាយសំខាន់ណាស់»។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាមានជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥០៩នាក់ របួស៣៧២០នាក់ ក្នុងនោះរបួសធ្ងន់ជាង២២០០នាក់។ ក្នុងចំណោមនោះ អ្នកជិះម៉ូតូនៅតែមានអត្រាគ្រោះថ្នាក់ដល់ស្លាប់ខ្ពស់ ពោលគឺមានរហូតដល់១២០៦នាក់ ក្នុងចំណោមអ្នកស្លាប់សរុប ស្មើនឹង៨០%។ ជាការកត់សម្គាល់ ក្នុងចំណោមអ្នកស្លាប់១២០៦នាក់នោះ អ្នកមិនពាក់មួកសុវត្ថិភាព មាន៨០៧នាក់ ស្មើនឹង៦៧%៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print