ភ្នំពេញ÷លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមអបអរសាទរក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា និងចូលរួមលើកស្ទួយ «សិទ្ធិ សមភាព និងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីគ្រប់រូប»។ លោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ស្ត្រីខ្មែរកាន់តែលេចធ្លោក្នុងសង្គម និងដើរតួនាទីកាន់តែសំខាន់ក្នុងគ្រប់វិស័យ។
ការលើកឡើងរបស់លោក ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលលោកនិងលោកស្រី ហុង ពិសី បានជួបសំណះសំណាល និងជូនវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីរាជការនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ.) ដែលជាស្ត្រី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និសីទ អ.អ.រ. នៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបានថ្លែងកោតសរសើរចំពោះសមត្ថភាព និងការលះបង់របស់ស្ត្រីទាំងអស់និយាយជារួម និងនិយាយ ដោយឡែក គឺស្ត្រីនៅក្នុងអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាលទាំងអស់ ដើម្បីភាពជោគជ័យនៃការងារ។ លោកបន្តថា កន្លែងការងារដែលមានស្ត្រីចូលរួម តែងតែបង្កើតឱ្យមានបរិយាកាសរីករាយ និងជោគជ័យការងារក្នុងកម្រិតខ្ពស់៕