ខេត្តស្វាយរៀង៖ ក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ភារកិច្ចជូន អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តវិន័យលើមន្ត្រីនគរបាលចំនួន ៤រូប នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកសារដដែលនោះ បានញ្ជាក់ថា ក្រសួងមហាផ្ទៃ បានសម្រេចឱ្យដកហូតតួនាទីលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប និងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់។
ក្នុងលិខិតនោះបានបញ្ជាក់ទៀតថា លោកវរសេនីយ៍ទោ សោម សារ៉ន អធិការស្រុកស្វាយទាប ពិតជាបានលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍ រួមមានរថយន្តម៉ាក Camry ឆ្លាម ចំនួន ០១គ្រឿង គោយន្ត កែច្នៃចំនួន ០១គ្រឿង បានឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន ៥០០ដុល្លារ ជាថ្នូរនឹងការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ បានឱ្យអាណាព្យាបាលរបស់ជនសង្ស័យប្រើប្រាស់គ្រឿងញៀន បង់ប្រាក់ចំនួន២០០ដុល្លារ ជាថ្នូរនឹងការដោះលែង បានឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន៤០០ ដុល្លារ ក្នុង០១បន្ទប់ ដើម្បីបានចូលបម្រើការងារក្នុងអគារថ្មី។
លិខិតដដែលខាងលើនោះ បានបន្តថា លោក សោម សារ៉ន បានឱ្យជនជាតិបង់ក្លាដែសឆ្លងដែនខុសច្បាប់ បង់ប្រាក់ចំនួន៥,០០០ដុល្លារ ជាថ្នូរនឹងការដោះលែង ព្រមទាំងបានប្រើប្រាស់ពាក្យសំដី មិនសមរម្យទៅកាន់មន្ត្រីនគរបាលក្រោមឱវាទ ដែលទង្វើទាំងនេះបាន ប្រព្រឹត្តផ្ទុយនឹងប្រកាសចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា។
ការិយាល័យបុគ្គលិក និងអធិការដ្ឋាននគរបាលស្រុកស្វាយទាប នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ពុំបានអនុវត្តតួនាទី ភារកិច្ច ឱ្យស្របតាមបែបបទ និងនីតិវិធីរដ្ឋបាល ហើយមានការបែកបាក់ សាមគ្គីភាពផ្ទៃក្នុងនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។
ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូន អគ្គស្នងការដ្ឋាននគរបាលជាតិអនុវត្តវិន័យតាមប្រកាសចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជាដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី១ ចំពោះលោកវរសេនីយ៍ត្រី វ៉ា សំណាង អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ លោកអនុសេនីយ៍ឯក ផាត់ ផល នាយរងផ្នែកអន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរូបភាពព្រមានជា លាយលក្ខណ៍អក្សរលើកទី១។
ហើយដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី២ ចំពោះលោកវរសេនីយ៍ទោ សោម សារិន អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមរូបភាពដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួន០២ថ្នាក់៕
ដោយ៖ សុថាន