ខេត្តកណ្ដាល ៖ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងបន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុក ថតបានសកម្មភាពជនជាតិចិនលោតចេញពីរថយន្តម៉ាក Prius នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយមានកិច្ចសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី៖ អំពើចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជនជាតិចិន )ដោយកើតហេតុនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥:១០នាទី ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានបញ្ចាក់ថា ជនរងគ្រោះម្នាក់ឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEN6418573 មានសុពលភាពលិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាពទិដ្ឋាការ ០២.០៤.២០២៥ ។
ចំណែកជនសង្ស័យចំនួន០៥នាក់ (ជនជាតិខ្មែរ) និងបក្ខពួក ។ ទី១.ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រៃឈើទាល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (ឃាត់ខ្លួន)។ ២.ជនជាតិខ្មែរចំនួន ០៤នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស និងបក្ខពួក។
ក្នុងករណីនេះ វត្ថុតាងចាប់យករួមមាន
-រថយន្ត ០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ក្រហម ផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5042។
-វ៉ាលី ពណ៌ប្រផេះ ០១ (របស់ជនរងគ្រោះ)
-អាវយឺតដៃខ្លី ពណ៌ខ្មៅ ០១
-អាវយឺតរងាដៃវែងមានមួក ពណ៌ខ្មៅ ០១
-ខោខ្លី ពណ៌ខ្មៅ ០១
-ទូរសព្ទ ០១គ្រឿង ម៉ាក OPPO ពណ៌ផ្ទៃមេឃ (មានបែកផ្ទៃខាងក្រោយ)
-ទូរសព្ទ ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ ។
គួររំលឹក ថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១:០៥នាទី ឈ្មោះ ជា វុទ្ធី បានទៅដឹកជនរងគ្រោះឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ចេញពីព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ហើយបានបន្តដំណើរទៅយកបក្ខពួកចំនួន០៣នាក់ទៀត ភេទប្រុស ជាជនជាតិខ្មែរ នៅម្តុំផ្លូវក្រវ៉ាត់ក្រុងទី៣។ ពេលមកដល់ផ្លូវក្រវាត់ក្រុងទី៣ ខ្លួនបានឃើញបក្ខពួករបស់ខ្លួន ពាក់អាវ ពណ៌ខ្មៅ ឈរនៅចិញ្ចើមផ្លូវ ហើយខ្លួនបានអែបរថយន្ត ហើយបក្ខពួកក៏បានឡើងលើរថយន្តដោយម្នាក់បានមកជិះខាងមុខស្តាំដៃខ្លួន រីឯបក្ខពួកចំនួន ០២នាក់ទៀត បើកទ្វារក្រោយចូលក្នុងរថយន្ត រួចខ្លួនក៏បានធ្វើដំណើរបន្តទៅមុខ ទិសដៅទៅបាវិត ។ លុះបានបន្តិច បក្ខពួក០២នាក់ ដែលជិះខាងក្រោយនោះបានប្រតាយប្រតប់ជាមួយជនរងគ្រោះ នឹងបានដកហូតយកទូរសព្ទ ហើយម្នាក់ដែលជិះនៅខាងមុខ ក៏បានស្ទុះមកជួយ ហើយស្រែកថា ជួយចាប់គ្នាៗទៅ ពេលនោះជនរងគ្រោះបាននិយាយជាភាសាចិនវិញ ហើយក៏ប្រតាយប្រតប់គ្នាប្រហែល១០នាទី ដោយរូបខ្លួនមានការភ័យខ្លាចក្រឡាប់រថយន្ត ព្រោះជនរងគ្រោះបានស្ទុះបើកទ្វារឆ្វេងខាងក្រោយ និងប៉ះដៃចង្កូតរថយន្ត ក្រោយមកទៀតជនរងគ្រោះក៏បានរើបម្រាសខ្លួន រួចចុចកញ្ចក់ទម្លាក់ ហើយ ស្ទុះលោតចេញតាមកញ្ចក់ទ្វារឡាន តែត្រូវបក្ខពួកខ្លួនទាំង០៣នាក់ ខ្លះចាប់ដៃ ខ្លះចាប់ជើង ហើយខ្លួនបានស្រែកឱ្យបក្ខពួកប្រឡែងជនរងគ្រោះ រួចខ្លួនក៏បានបន្ថយល្បឿនរថយន្ត ហើយជនរងគ្រោះបានលោតចេញពីរថយន្តតែម្តង ។
ភ្លាមៗនោះ ឈ្មោះ ជា វុទ្ធី ជាអ្នកបើករថយន្ដ បានទាក់ទងទៅឈ្មោះ ឧត្តម ដែលជាអ្នកចាត់ចែង នឹងបានប្រាប់ថា “បងៗ វារត់រួចហើយ បន្ទាប់មកឈ្មោះ ឧត្តម នោះ ក៏ឱ្យខ្លួនទម្លាក់បក្ខពួក០៣នាក់នោះចុះ រួចឲ្យខ្លួនគេចទៅណាទៅៗ ផុតពីកន្លែងហ្នឹង” ។
បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័.យពាក់ព័ន្ធដែលរត់គេចខ្លួនយកមកចាត់ការឱ្យខានតែបាន៕ដោយ ៖ ភារ៉ា ដង្កោ