មកស្គាល់មេឃុំជាស្រ្តីទាំង៣ នៅស្រុកព្រះស្តេចក្នុងចំណោម១១ឃុំ!

ចែករំលែក៖

ខេត្តព្រៃវែង ៖ ស្រុកព្រះស្តេច ជាស្រុកមួយក្នុងចំណោមស្រុកទាំង១៣ ស្ថិតនៅខេត្តព្រៃវែង មានស្រ្តីចំនួន៣ រូបដែលត្រូវបានបោះឆ្នោត និងតែងតាំងដោយប្រកាសរបស់ក្រសួងមហាផ្ទៃជាមេឃុំ។ នេះបើតាមបញ្ជីរាយនាមមេឃុំ ជាស្ដ្រី នៅអាណត្តិទី៥ ក្នុងខេត្តព្រៃវែង។

ការផ្តល់សេចក្តីទុកចិត្តដល់ស្ត្រីជាមេដឹកនាំនៅថ្នាក់មូលដ្ឋាននេះ គឺដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្លើយតបបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបញ្ហា និងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះនានា ប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ នេះបើតាមផែនការយុទ្ធសាស្ត្រស្តីពី ការបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកស្រី ថុង គន្ធា មេឃុំបឹងដោល បានផ្តល់បទសម្ភាសមកកាន់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា មុនពេលដែលលោកជាប់ជាមេឃុំបឹងដោល លោកស្រីបានធ្វើការជាក្រុមប្រឹក្សានៅអាណតិ្តទី៣ បន្ទាប់មក លោកស្រីបានបម្រើការជាជំទប់ទី១ នៅអាណត្តិទី៤ តាមរយៈការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ច និងការងារស្ម័គ្រចិត្តជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងការងារជាយុវជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងការងារស្ម័គ្រចិត្ត ច្រើនក្នុងសហគមន៍ដោយពុំគិតកម្រៃរបស់លោកស្រីបានប្រែក្លាយលោកស្រីជាប់ជាមេឃុំនៅអាណត្តិទី៥នេះ។

លោកស្រីបានបន្ថែមក្នុងន័យដើមថា «គន្លឹះសំខាន់ក្នុងនាមខ្ញុំជាមេឃុំនោះគឺ ខ្ញុំត្រូវតែដឹងសុខទុក្ខប្រជាពលរដ្ឋ និងបម្រើសេវាសាធារណៈឱ្យបានល្អដោយមិនប្រកាន់និន្នាការនយោបាយ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្រ្តី និងកុមារដែលមានភាពទន់ខ្សោយ និងនៅជិតប្រជាពលរដ្ឋដើម្បីបង្កើនភាពស្និតស្នាលព្រមទាំងឆ្លៀតឱកាសស្វែងយល់ពីតម្រូវការចាំបាច់របស់ពលរដ្ឋបន្ថែមផងដែរ »។ លោកស្រីបន្ថែមថា ជារៀងរាល់សប្តាហ៍លោកស្រី តែងតែចុះប្រជុំនៅមូលដ្ឋានផ្ទាល់ ជាក្រុមតូចៗ ដើម្បីប្រមូលបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋយកមកដោះស្រាយ ដោយប្រកាន់គោលជំហរថា «ខ្ញុំតែងតែនៅជិតប្រជាពលរដ្ឋ និងជាទីប្រឹក្សាជូនប្រជាពលរដ្ឋជានិច្ច»។

លោកស្រី អុន កូននាង មេឃុំព្រះស្តេច បានលើកឡើងថា កត្តាដែលនាំឱ្យលោកស្ដ្រីជាប់ជាមេឃុំនេះ គឺការបំពេញការងារប្រកបដោយសាមគ្គីភាពគ្នា និងមានទំនាក់ទំនងល្អក្នុងមូលដ្ឋាន ព្រមទាំងមិនមានការរើសអើង នេះជាហេតុដែលនាំឱ្យលោកស្រីជាប់ជាមេឃុំ។ មេឃុំព្រះស្ដេចបន្តថា « ក្នុងនាមខ្ញុំជាមេឃុំចំណុចសំខាន់ដែលខ្ញុំត្រូវធ្វើនោះ ទី១ ការផ្តល់ភាពជិតស្និតដល់ប្រជាពលរដ្ឋ ទី២ស្វែងរកបញ្ហាប្រឈម សំណើ សំណូមពរ ក្នុងមូលដ្ឋាន ជាពិសេសស្រ្តី និងកុមារ តាមរយៈការប្រជុំវេទិការសាធារណៈ ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា»។  លោកស្រីបន្ថែមទៀតថា លោកស្រីពិតជាសប្បាយចិត្ត និងមានមោទកភាពជាខ្លាំងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ក្នុងនោះដែរ លោកស្រីក៏បានលើកទឹកចិត្តដល់ស្រ្តី និងកុមារដទៃទៀត ឱ្យចូលរួមធ្វើកិច្ចការទាំងក្នុងសហគមន៍ក្ដី  និងសង្គមក្ដី ជាប្រយោជន៍ផ្ដល់ឱកាសដល់ខ្លួនឯងក្នុងការបង្ហាញនូវសមត្ថភាព ចំណេះ ជំនាញរបស់ខ្លួន និងរួមគ្នាកសាងសង្គមមួយប្រកបដោយបរិយាប័ន្ន។

ចំណែកឯ លោកស្រី នូ សាមួន មេឃុំបន្ទាយចក្រី បានប្រាប់ថា លោកស្រីបានបម្រើការងារជាក្រុមប្រឹក្សាឃុំចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ រហូតមកដល់ឆ្នាំ២០១៧ [អាណត្តិទី២] ទើបលោកស្រីជាប់ជាមេឃុំ។ កត្តាដែលនាំឱ្យក្លាយជាមេឃុំនោះ គឺដោយសារតែលោកស្រីធ្លាប់បម្រើការងារជាក្រុមប្រឹក្សាឃុំផង និងជាអ្នកទទួលបន្ទុកកិច្ចការនារីផង ទើបធ្វើឱ្យលោកស្រីមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ហើយពលរដ្ឋក៏ស្រឡាញ់ ពេញចិត្តទៅលើសកម្មភាពការងាររបស់លោកស្រី ក៏នាំឱ្យលោកស្រីជាប់ជាមេឃុំតែម្ដង។

មេឃុំបន្ទាយចក្រី ប្រាប់បន្ថែមទៀតថា «ខ្ញុំតែងតែយកចិត្តទុកដាក់លើប្រជាជលរដ្ឋជានិច្ចមិនថា បញ្ហាប្រឈម សំណើ និងសំណូមពរ ឬទំនាស់ផ្សេងៗ និងមិនឱ្យមានអំពើពុករលួយជាដាច់ខាត។ ខ្ញុំប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ជានិច្ច ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងក្មេងស្រីនៅក្នុងមូលដ្ឋាន។ ខ្ញុំតែងតែយកចិត្តទុកដាក់ទៅលើស្ដ្រី និងកុមារ និងប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងធ្វើជាគំរូមួយដល់សង្គមជាតិ»។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានវាយតម្លៃខ្ពស់ទៅលើមេឃុំជាស្ត្រី ដែលបានខិតខំយកចិត្តទុកដាក់ ដោះស្រាយបញ្ហាមូលដ្ឋានបានយ៉ាងល្អប្រសើរ និងយកចិត្តទុកដាក់ទៅលើការគាំពារស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះ។ លោកបណ្ឌិតក៏បានលើកទឹកចិត្តស្រ្តី និងយុវជន កុមារដទៃទៀត អាចរៀនសូត្រពីបទពិសោធន៍របស់មេឃុំជាស្ដ្រីទាំង៣រូប និងចូលរួមធ្វើសកម្មភាពក្នុងសហគមន៍ ក្នុងសាលារៀន និងក្នុងសង្គម ជាវិជ្ជមានឱ្យច្រើន ជាប្រយោជន៍បង្កើតទម្លាប់ និងឥរិយាបថស្នេហាជាតិ បម្រើប្រយោជន៍រួមជូនជាតិផងដែរ។ លោកបញ្ជាក់ថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាបញ្ចកោណ ដំណាក់កាលទី១ ដែលមានរបៀបវារៈជាគោលនយោបាយសង្គម-សេដ្ឋកិច្ច៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print