ខេត្តសៀមរាប ៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ចេញ លិខិតស្រាយបំភ្លឺ ដោយបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឃើញ និងបានអានការបញ្ចេញមតិជាច្រើនទៅក្នុងការ បង្ហោះរបស់គណនេយ្យ Facebook ដែលមានឈ្មោះថា “ប្រជាជន ខេត្តសៀមរាប” ដែលបានសរសេថា “អបអរសាទរ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យ បង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣គំរូ ឆ្នាំ២០២៤ ក្នុងចំណោមមន្ទីរពេទ្យបង្អែកកម្រិត៣ចំនួន១០ទូទាំង ប្រទេស” ។ ក្នុងចំណោមការបញ្ចេញមតិទាំងនោះ ក៏មានការបញ្ចេញមតិមួយចំនួន បានធ្វើការរិះគន់ដល់ដំណើរការ និងចំណុចខ្វះខាតនៃការផ្តល់សេវាសុខភាពរបស់មន្ទីរពេទ្យនេះផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ សូមធ្វើការស្រាយបំភ្លឺដូចតទៅ៖
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងរយះពេល១០ ឆ្នាំ ចុងក្រោយនេះ ដោយសារមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ បានធ្វើការពង្រីកទាំងលទ្ធភាព និងទាំងសមត្ថភាពនៃការផ្តល់សេវា ពិសេសលើការ ផ្តល់សេវា ឯកទេសសំខាន់ៗ ។ បច្ចុប្បន្នមន្ទីរពេទ្យមានគ្រែសម្រាកពេទ្យ ៤៧០ គ្រែ ដែលមានអត្រានៃការប្រើប្រាស់គ្រែលើសពី ១០០ភាគរយ មានបន្ទប់វះកាត់ធំចំនួន១០ ដែលបានផ្តល់សេវាវះកាត់ធំពី ៣០ ទៅ៥០ ក្នុងមួយថ្ងៃ រីឯចំនួនករណី ពិគ្រោះជំងឺក្រៅទូទៅ និងឯកទេសមានពី ៥០០ ទៅ ៨០០ ករណីក្នុងមួយថ្ងៃ។ ចំនួននៃអតិថិជនមកទទួលសេវាក្នុង មន្ទីរពេទ្យនេះ មានការកើនឡើងយ៉ាងគំហុក គឺពី១០ ទៅ ១៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងនោះក៏មានប្រជា ពលរដ្ឋដែលមកពីបណ្តាខេត្តក្បែរខាងសៀមរាប (មកដោយខ្លួនឯង និងដោយការបញ្ជូនជាផ្លូវការ) ដែលមានចំនួន ប្រមាណ ១៨ ទៅ ២០ភាគរយ ភាគច្រើនជាករណីធ្ងន់ និងស្មុគស្មាញ។ បន្ទុកការងារដ៏ធ្ងន់ធ្ងរនេះក៏ជាកត្តាបង្កឱ្យមាន ភាពខ្វះចន្លោះក្នុងការផ្តល់សេវាជៀសមិនផុត។ ម៉្យាងវិញទៀត ការប្រឹងប្រែងពង្រីកសេវាឯកទេសរបស់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក្នុងគោលបំណងកាត់បន្ថយការបញ្ជូនអ្នកជំងឺធ្ងន់ទៅកាន់មន្ទីរពេទ្យថ្នាក់ជាតិ និងការកើនឡើងនូវអ្នក ជំងឺដែលមានសភាពធ្ងន់ធ្ងរនិងមានភាពស្មុគស្មាញនេះ បណ្តាលឱ្យកើតមានបញ្ហាប្រឈមទៅនឹងការខ្វះខាតឱសថ ព្យាបាល ពិសេសគឺឱសថដែលមិនស្ថិតក្នុងបញ្ជីឱសថសារវ័ន្ត ផ្គត់ផ្គង់ដោយក្រសួងសុខាភិបាល។ សូមបញ្ជាក់ថាមន្ទីរ ពេទ្យពុំដែលមានការរើសអើងចំពោះអតិថិជន ប.ស.ស. ឬអតិថិជនដែលប្រើបណ្ណសមធម៌ឡើយ។ រីឯតម្លៃសេវារបស់ មន្ទីរពេទ្យ គឺជាតម្លៃសេវាដែលថោកសមរម្យអាចទទួលយកបាន និងមានការឯកភាពពីក្រសួងសុខាភិបាលផងដែរ ចំពោះករណីអ្នកជំងឺមិនមានលទ្ធផលភាពបង់សេវា មន្ទីរពេទ្យមានគណៈកម្មការវាយតម្លៃលើកលែងបង់ថ្លៃសេវា ដោយ ក្នុងមួយឆ្នាំៗមន្ទីរពេទ្យលើកលែងបង់ថ្លៃសេវាជាង៣ពាន់ករណី។ មន្ទីរពេទ្យបានបង្កើតជាប្រអប់សំបុត្រ ប្រព័ន្ធ QR និងមានផ្នែករដ្ឋបាលចាំទទួលរាល់បណ្ដឹងតវ៉ា និងមតិរិះគន់កែលម្អពីបណ្តាអ្នកដែលបានប្រើប្រាស់សេវាទាំងអស់។
មន្ទីរពេទ្យសូមទទួលយករាល់មតិរិះគន់កែលម្អទាំងអស់ យកមកពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយកែលម្អ សេវាដើម្បីឱ្យគុណភាពនៃសេវា មានភាពកាន់តែប្រសើរឡើង ៕
ដោយ ៖ សិលា