រយៈពេល២ខែនៅក្នុងតំណែងនេះ រដ្ឋបាលលោកត្រាំបានធ្វើការងារជាច្រើន ដើម្បីសម្រួចអំណាចរបស់អាមេរិកទាំងនៅលើឆាកអន្តរជាតិនិងនៅក្នុងស្រុក

ចែករំលែក៖

អន្តរជាតិ ៖ រយៈពេល២ខែនៅក្នុងតំណែងនេះ រដ្ឋបាលលោកត្រាំបានធ្វើការងារជាច្រើន ដើម្បីសម្រួចអំណាចរបស់អាមេរិកទាំងនៅលើឆាកអន្តរជាតិនិងនៅក្នុងស្រុក។ ប៉ុន្តែមានប្រជាជនអាមេរិកមួយចំនួនខកចិត្តដែលខំបោះឆ្នោតឱ្យលោកត្រាំប៉ុន្តែត្រូវរដ្ឋបាលរបស់លោកបណ្តេញចេញពីការងារ។

សូមបញ្ជាក់ថា ៖ លោកដូណាល់ ត្រាំបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ហើយបានស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥។ រយៈពេល២ខែនៅក្នុងតំណែងនេះ រដ្ឋបាលលោកត្រាំបានធ្វើការងារជាច្រើន ដើម្បីសម្រួចអំណាចរបស់អាមេរិកទាំងនៅលើឆាកអន្តរជាតិនិងនៅក្នុងស្រុក។ នៅក្នុងស្រុក រដ្ឋបាលលោកត្រាំតាមរយៈក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលដឹកនាំដោយលោកមហាសេដ្ឋី Elon Musk បានបង្កើតកម្មវិធីជម្រុះបុគ្គលិករដ្ឋជាច្រើនពាន់នាក់ ដើម្បីកាត់បន្ថយការចំណាយនិងបង្រួមរដ្ឋាភិបាល តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
តាមរយៈចំណាត់ការនេះ ធ្វើឱ្យប្រជាជនអាមេរិកមួយចំនួន ខកចិត្តនៅពេលដែលបាត់បត់ការងារ ក្រោមដៃថ្នាក់ដឹកនាំដែលពួកគេខំបោះឆ្នោតគាំទ្រ ឱ្យក្លាយជាប្រធានាធិបតីទី៤៧របស់អាមេរិក។
តាមរយៈសារព័ត៌មានCNN លោក Michael Graugnard បាននិយាយថាលោកបានបោះឆ្នោតឱ្យប្រធានាធិបតីដូណាល់ ត្រាំនៅឆ្នាំ២០២៤ ដោយសារតែលោកយល់ថា លោកត្រាំ គឺជាបេក្ខជនដ៏ល្អបំផុត ដើម្បីកែលម្អសេដ្ឋកិច្ច។ ប៉ុន្តែរយៈពេល៣ខែនៅក្នុងតួនាទីថ្មីរបស់លោក ក្នុងនាមជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់ក្រសួងកសិកម្មសហរដ្ឋអាមេរិក លោក Graugnard ត្រូវបានបញ្ឈប់ពីការងារ រួមជាមួយបុគ្គលិកសហព័ន្ធរាប់ពាន់នាក់ផ្សេងទៀត។ អ្វីដែលធ្វើឱ្យលោកស្រឡាំងកាំង គឺអ្នកគ្រប់គ្រងរបស់លោកបានធានាថា ការងាររបស់លោកមានសុវត្ថិភាព ស្ថិរភាព ប៉ុន្តែចុងក្រោយលោក Graugnard នៅតែត្រូវបាត់បង់ការងារមួយដែលលោកស្រឡាញ់។
ដើម្បីបំពេញការងារក្នុងក្តីសុបិន លោកGraugnard បានផ្លាស់ទៅ Little Rock រដ្ឋ Arkansas ជាមួយប្រពន្ធមានផ្ទៃពោះនិងកូនតូចរបស់លោក ហើយរំពឹងថានឹងចំណាយពេលពេញមួយជីវិតរបស់លោកដើម្បីធ្វើការងារមួយនេះ។ លោកGraugnardស្ថិតក្នុងចំណោមបុគ្គលិកសហព័ន្ធជាច្រើននាក់ ដែលបានបាត់បង់ការងារធ្វើ រយៈ៣ខែបន្ទាប់ពីបានបោះឆ្នោតឱ្យលោកត្រាំ។ អតីតបុគ្គលិកសហព័ន្ធបានប្រាប់ CNN ថាពួកគេជឿថា គោលនយោបាយរបស់លោកត្រាំនឹងធ្វើឱ្យជីវិតរបស់ពួកគេប្រសើរឡើង ប៉ុន្តែផ្ទុយទៅវិញពួកគេត្រូវបានគេបោះបង់ចោល ដើម្បីស្វែងរកការងារថ្មី។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោកGraugnardថា លោកមិនសោកស្តាយចំពោះការផ្តល់សន្លឹកឆ្នោតឱ្យលោកត្រាំនោះទេ ខណៈបុគ្គលិកសហព័ន្ធមួយចំនួនដែលបានបណ្ដេញចេញពីការងារនិយាយថាពួកគេសោកស្ដាយ ចំពោះការបោះឆ្នោតឱ្យលោកត្រាំ។
សូមជម្រាបជូនថា ការបញ្ឈប់ការងារជាទ្រង់ទ្រាយធំ គឺជាផ្នែកមួយនៃផែនការរបស់លោកត្រាំនិងលោកElon Musk ដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយទំហំនៃកម្លាំងការងារសហព័ន្ធ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋបាលបានបញ្ឈប់បុគ្គលិកសហព័ន្ធសាកល្បងរាប់ពាន់នាក់ បណ្តេញមន្ត្រីកំពូលៗ និងអ្នកឃ្លាំមើល ហើយបានបញ្ចុះបញ្ចូលបុគ្គលិកចំនួន ៧៧,០០០ នាក់ឱ្យចាកចេញពីការងារដោយស្ម័គ្រចិត្ត។
សូមរំលឹកថា ៖ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចបណ្តេញបុគ្គលិកទីភ្នាក់ងារជំនួយសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលធ្វើការនៅសហរដ្ឋអាម៉េរិកប្រមាណ១ពាន់៦រយនាក់ចេញពីការងារ ដោយរក្សាទុកតែបុគ្គលិកសំខាន់ៗ។ ពាក់ព័ន្ធបញ្ហានេះ បុគ្គលិករបស់ USAID បានរាយការណ៍ថា បុគ្គលិកដែលត្រូវបណ្តេញចេញពីការងារមានរហូតដល់២ពាន់នាក់ឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រោយចៅក្រមសហព័ន្ធផ្តល់ភ្លើងខៀវលើគម្រោងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានប្រកាសថា បុគ្គលិក USAID ចំនួន១ពាន់៦រយនាក់នឹងត្រូវបញ្ឈប់ពីការងារ។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានអះអាងនៅចុងសប្តាហ៍មុនថា ខ្លួនកំពុងរៀបចំបញ្ឈប់ការងារបុគ្គលិករបស់ USAID នៅបរទេសទាំងអស់ លើកលែងតែមេដឹកនាំនិងបុគ្គលិកសំខាន់ៗឱ្យបន្តឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍។
គិតមកទល់ពេលនេះប្រតិបត្តិការទាំងអស់របស់ទីភ្នាក់ងារជំនួយអាម៉េរិក USAID រួមទាំងគេហទំព័រត្រូវបានបិទទាំងអស់។ គិតត្រឹមសប្តាហ៍មុនរដ្ឋបាលលោក ត្រាំ បានប្រកាសកាត់រំសាយបុគ្គលិក USAID ចំនួន១ពាន់៦រយនាក់ ប៉ុន្តែបើតាមឯកសាររបស់បុគ្គលិកស្ថាប័ននេះ មានបុគ្គលិកត្រូវបញ្ឈប់ពីការងាររហូតដល់ទៅ២ពាន់នាក់ឯណោះ ប៉ុន្តែខាងសេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះទេ។ មកទល់ពេលនេះគេដឹងថា USAID មានបុគ្គលិកប្រមាណ៤ពាន់៦រយនាក់ ភាគច្រើននៅសហរដ្ឋអាម៉េរិកផ្ទាល់ ក្រៅពីនេះនៅតាមប្រទេសដែលទទួលជំនួយពីស្ថាប័ននេះ។

លោក ត្រាំ ដែលទទួលយោបល់ពីលោក អេឡិន ម៉ាស់ ថ្នាក់ដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលបានសម្រេចបង្កកកម្មវិធីជំនួយ ដែលដំណើរការតាមច្រក USAID ចំនួន៩០ថ្ងៃ ប៉ុន្តែក្រោយមកបានអនុម័តការលើកលែងចំពោះការបង្កក ដែលមានទឹកប្រាក់សរុបចំនួន៥,៣ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់កម្មវិធីសន្តិសុខ និងប្រឆាំងគ្រឿងញៀន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print