ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ស្ពានមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete)។
ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមជម្រាបជូនថា ស្ពាននេះ នឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥៕
ដោយ ៖ សិលា