* កងមនុស្សចាស់ :
កងមនុស្សចាស់មានពីរប្រភេទ គឺមនុស្សវ័យកណ្ដាលដែលមានអាយុប្រហាក់ប្រហែល ៤៥ ឆ្នាំចុះក្រោម និងមួយប្រភេទទៀតគឺមនុស្សដែលមានវ័យលើសពីនេះរហូតដល់ចាស់ជរា។
មុខព្រួញការងាររបស់ក្រុមមនុស្សវ័យកណ្ដាល គឺការងារបង្កបង្កើនផលក្នុងសហករណ៍។ រដូវធ្វើស្រែពួកគាត់ធ្វើការងារភ្ជួររាស់ដកស្ទូងធាក់រហាត់ទឹកបាចទឹកបញ្ចេញបញ្ចូលក្នុងស្រែ ច្រូតកាត់បោកបែន និងការងារផ្សេងៗទៀតដែលអង្គការបានដាក់ឲ្យ។ ក្រៅពីការងារក្នុងសហករណ៍ មានអ្នកខ្លះឡើងត្នោតនេសាទត្រី កាប់អុស ដាំបន្លែចិញ្ចឹមមាន់ទា ជ្រូក និងឃ្វាលគោ។ ក្រោយពីបញ្ចប់ការងារស្រែស្រូវ ក្រុមវ័យកណ្ដាលនេះក៏សកម្មប្រយុទ្ធមុខព្រួញការងារជីកប្រឡាយនិងលើកទំនប់មិនខុសពីកងចល័តឡើយ។
ម៉ែ! ម៉េចក៏យប់ជ្រៅម៉្លេះ? ខ្ញុំសួរទៅម៉ែដែលទើបមកពីសហករណ៍ប្រហែលម៉ោង ៩ យប់។
យប់នេះអង្គការឲ្យសម្រុកស្ទូងបង្ហើយដីស្រែ មីងៗខ្លះមិនទាន់មកដល់ផង ម៉ែឆ្លើយទាំងសភាពហេវហត់។
អ្នកហុងអើយ!មកដល់ផ្ទះនៅ ? សំឡេងស្ត្រីដើរកៀនផ្ទះស្រែកសួរ”មកដល់មួយសន្ទុះហើយអ្នកឃុត “ម៉ែតប ។
ក្រុមយាយៗ តាៗ ក៏មមាញឹកនិងការងារសិប្បកម្មដែរ។ ទីកន្លែងធ្វើការរបស់ពួកគាត់នៅក្នុងភូមិហើយការងារពលកម្មនៅលាយឡំជាមួយស្ត្រីមានផ្ទៃពោះ និងស្ត្រីកូនខ្ចី ។ ការងារប្រចាំថ្ងៃ គឺមើលថែទាំក្មេងតូចៗដែលម្ដាយរបស់ពួកគេទៅធ្វើការងារ ត្បាញកន្ទេលដេរស្លឹកកណ្ដប ក្រងស្បូវ ធ្វើបង្គី វេញខ្សែគោ ត្បាញល្អី កញ្ជើ ចង្អេរ ជួសជុលនង្គ័លរនាស់ រទេះគោ ធ្វើត្បាល់កិនស្រូវ ជាន់អង្ករ កិនស្រូវនិងអុំអង្ករ។
* របបអាហារ:
យើងទទួលបានរបបអាហារប្រចាំថ្ងៃចំនួនពីពេលក្នុងមួយថ្ងៃ។គឺពេលថ្ងៃត្រង់និងពេលល្ងាច។កាលពីដំបូងចុងភៅបានរៀបអាហារ បាយសម្លគ្រប់គ្រាន់សម្រាប់បរិភោគ ប៉ុន្តែក្រោយក្រោយៗបន្តបន្ទាប់មក អាហារដែលយើងទទួលបានកាន់តែខ្សត់ទៅៗ។ គួរឲ្យសង្វេគណាស់មានគ្រាប់អង្ករមួយៗ លាយជាមួយត្រកួន ព្រលិត ដំឡូងជ្វា និងដំឡូងឈើ។ ម្នាក់ៗទទួលរបបមួយវែកដែលធ្វើពីត្រឡោកដូងហូបជាមួយទឹកប្រហុកស្ងោរ ឬសម្លម្ជូរព្រលឹត និងស្ងោរត្រឡាចជាដើម។ រដូវដកស្ទូងគឺជាខែដែល ខ្សត់ខ្សោយអាហារបំផុត។ ប្រជាជនម្នាក់ៗដើរបេះស្លឹកឈើផ្លែឈើ មើមឈើ ចាប់ខ្យង ក្តាម ត្រី កង្កែប ចង្រិត លួចដុតបរិភោគនៅពេលយប់ស្ងាត់។ យប់មួយនៅក្រោយផ្ទះ ខ្ញុំសួរទៅកាន់ម៉ែថា ម៉ែកំពុងធ្វើអីហ្នឹង?
” កុំមាត់ប្រយ័ត្នបែកការណ៍ បើគេដឹងយកទៅវាយចោលទាំងគ្រួសារ អញស្ងោរគល់ចេក បន្តិចទៀតឆ្អិនហើយ។ ម៉ែនិយាយបណ្ដើរឈ្ងោកមុខផ្លុំភ្លើងផែតៗ។ យប់នោះខ្ញុំបរិភោគគល់ចេកស្ងោរបីនាក់ឪពុកម្ដាយយ៉ាងឆ្ងាញ់ពិសា។
យប់មួយ មេឃងងឹតឈឹងរលឹមស្រិចៗ ឪពុកម្ដាយរបស់ខ្ញុំមិនឃើញមកផ្ទះសោះ។ ខ្ញុំខ្លាចអើយខ្លាច ហើយឃ្លានខ្លាំងណាស់។ ខ្ញុំអង្គុយឱបក្បាលជង្គង់រងចាំស្ដាប់ស្នូរជួងពីរោងបាយ។យប់ជ្រៅណាស់ទៅហើយទើបខ្ញុំឮសូរជួងម៉ឺង ម៉ឺង បន្លឺចេញពីរោងបាយ។ ខ្ញុំ និងកុមារដទៃទៀតដើរកាត់ភ្លៀងរលឹមទៅរោងបាយ។ក្រោមពន្លឺភ្លើងចន្លុះក្រហមព្រឿងៗ ខ្ញុំឃើញមានចេកណាំវ៉ាបួនដប់ស្និតដាក់នៅលើតុ។ ខ្ញុំចូលតម្រង់ជួរជាមួយមនុស្សជាច្រើននាក់ទៀតរង់ចាំទទួលរបបអាហារ។ ពុទ្ធោ! ចុងភៅហុចចេកឱ្យយើងម្នាក់មួយផ្លែមួយផ្លែ។ មួយសន្ទុះធំទើបម៉ែរបស់ខ្ញុំមកដល់ផ្ទះ។ គាត់សួរខ្ញុំថា អាហេង!មកពីណាទទឹកក្បាលជោក។ ខ្ញុំឆ្លើយតបទៅម៉ែវិញទាំងមិនសប្បាយចិត្តថា ខ្ញុំមកពីរោងបាយបានតែចេកមួយផ្លែទេម៉ែអើយ។ ម៉ែខ្ញុំប្រាប់វិញថាដេកសិនទៅ យប់នេះម៉ែមានគល់ល្ហុង។
យប់នេះបានហូបគល់ល្ហុងស្ងោរឆ្ងាញ់ដូចបានហូបគល់ចេកស្ងោរកាលពីពេលយប់មុនអ៊ីចឹងដែរ។រសជាតិគល់ល្ហុងស្ងោរបានធ្វើឲ្យខ្ញុំបាត់ឃ្លាន បាត់កូរពោះ បន្តរស់សម្រាប់ថ្ងៃស្អែកទៀត។
ទៅនៅដីថ្មីគឺជាពាក្យដែលអង្គការប្រាប់ទៅប្រជាជន ១៧ មេសា ឲ្យទៅតាំងទីលំនៅក្នុងភូមិស្រុកថ្មីដែលរៀបចំដោយអង្គការបដិវត្តន៍។ ប្រជាជនដែលអង្គការបញ្ជូនឲ្យទៅរស់នៅដីថ្មី គឺបាត់ដំណឹងជារៀងរហូត។ ពាក្យនេះប្រើជំនួសការយកប្រជាជនទៅសម្លាប់។
ពេលព្រឹកព្រលឹមមួយ មានរទេះគោជាជួរផ្ទុកដោយក្រុមគ្រួសារ ១៧ មេសា។ មិត្តកុមាររបស់ខ្ញុំបីនាក់នៅលើរទេះគោផ្សេងពីគ្នា។ អាឡុងជិះរទេះជាមួយគ្រួសារវា។ វាស្រែកមកកាន់ខ្ញុំដោយភាពរីករាយថា អេ្អ! អាហេងអញទៅនៅដីថ្មីហើយ អញលែងបានលេងហែលទឹកជាមួយហ្អែងទៀតហើយ។ មិត្តទាំងអស់គ្នាលាសិនហើយចាំស្រុកសំបូរសប្បាយចាំយើងជួបគ្នា។ អាឆាតជាកុមារដែលមានមាឌធំជាងគេនៅក្នុងក្រុមពលកម្មស្រែក បន្ទាប់ពីអាឡុង។ វាស្រែកពីលើរទេះមកកាន់ក្រុមកុមារដែលកំពុងដើរកាត់ទន្ទ្រានខេត្រតាមដងផ្លូវ។
គ្រួសារអ្នក ១៧ មេសាបានដឹកជញ្ជូនឲ្យទៅរស់នៅដីថ្មីជាបន្តបន្ទាប់។ ពេលក្រោយមកយើងមានទឹកមុខស្រពាប់ស្រពោនណាស់ ព្រោះឮដំណឹងចុងមាត់ចុងកថា អ្នកទៅមុនៗត្រូវបានយកទៅវ៉ៃសម្លាប់ចោលនៅព្រៃភូមិស្រឡៅតូង ដែលជាតំបន់ព្រៃក្រាស់ក្នុងភូមិសាស្ត្រទឹកដីឃុំបល្លងកំពង់ថ្ម ជាប់ព្រំប្រទល់ស្រុកចំការលើ ខេត្តកំពង់ចាម។( នៅមានត)
