អរគុណដែលបានជួយ តែកុំធ្វើ«ត្រីងៀតឆ្លៀតពង»! ឬជួយក្នុងគោលបំណងផ្សព្វផ្សាយផលិតផល ?

ចែករំលែក៖

ភ្នំពេញ ៖ បើជួយ សូមជួយចេញពីបេះដូង ធ្វើបុណ្យចេញពីចិត្ត កុំឆក់ឱកាសជួយ ដើម្បីផ្សព្វផ្សាយផលិតផល នោះជាទាន មិនទទួលបានបុណ្យកុសលទេ បានត្រឹមសង្គមស្អប់ខ្ពើមតែប៉ុណ្ណោះ ។
ជាក់ស្តែងបច្ចុប្បន្ននេះ គេសង្កេតឃើញសប្បុរសជន មិនថាឧកញ៉ា អ្នកមានទ្រព្យ អ្នកជំនួញ អ្នករកស៊ី និងលក់ផលិតផលអនឡាញជាដើម តែងតែធ្វើសកម្មភាពសង្គម ជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះ ដោយសារបញ្ហាអ្វីមួយ។ សកម្មភាពទាំងនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន។ ប៉ុន្តែមហាជន ក៏ស្នើសុំកុំឱ្យយកសកម្មភាពជួយអ្នកដទៃនេះ ធ្វើជាឈ្នាន់ទាញយកប្រយោជន៍ ក្នុងការប្រកបជំនួញ និងរបររកស៊ីរបស់ខ្លួននោះទេ ។ អំពើសាងបុណ្យរបៀបនេះ បើបោះចោលបាន ដូចជាល្អជាង ភ្នែកញាតិក្នុងសង្គមមើលទៅទើសភ្នែកណាស់។

អ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានឃើញហើយ ពីសកម្មភាពមនុស្សធម៌ជួយពលរដ្ឋក្រីក្រ និងរងគ្រោះ តាមរយៈចិត្តសប្បុរសធម៌ ពិតប្រាកដ កើតចេញពីចិត្ត។ ហើយអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏អាចដឹងថា , អ្នកខ្លះជួយដោយសារការប្រមាថមាក់ងាយ រំលោភបំពាន ការកេងប្រវ័ញ្ច និងកត្តាជីវភាពជាដើម។ ត្រូវដឹងថា អ្នកប្រើប្រាស់បណ្ដាញសង្គម បច្ចុប្បន្នមិនធម្មតាទេ ម្នាក់ៗមានព័ត៌មានក្នុងដៃគ្រប់គ្នា មានន័យថា «ក្នុងម្នាក់ មានព័ត៌មានក្នុងដៃម្នាក់» ទំនើបណាស់សម័យ ឌីជេថល យើងនេះ ។

សូមជម្រាបថា ៖ ទីណាមានពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារកត្តាណាមួយនោះ គេតែងតែសង្កេតឃើញក្រុមអ្នកមានទ្រព្យ អ្នកជំនួញ និងអ្នករកស៊ីលក់ផលិតផលអនឡាញផង នាំគ្នាទៅជួយបុគ្គលនោះជាបន្តបន្ទាប់។ សកម្មភាពបែបនេះ ពិតជាគួរឱ្យស្ងើចសរសើរ និងទទួលបានការគាំទ្របំផុត ក្រោមរូបភាពមនុស្សធម៌ និងស្របតាមពាក្យស្លោកមួយឃ្លាថា «ខ្មែរជួយខ្មែរ»។ ពាក្យ«ខ្មែរជួយខ្មែរ» នេះ មានអត្ថន័យធំធេងណាស់ សម្រាប់លើកទឹកចិត្តឱ្យពលរដ្ឋចេះស្រលាញ់គ្នា សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ដោយសមត្ថភាពខ្មែរខ្លួនឯង។ យើងក៏ត្រូវកោះកកាយ «ឆន្ទះ» នូវពាក្យថា «ខ្មែរជួយខ្មែរ» ឱ្យរស់រវើក ដិតជាប់ក្នុងក្រអៅបេះដូងខ្មែរគ្រប់រូប។

តែយ៉ាងណា ការជួយទុក្ខធុរៈ និងជួយដោះស្រាយបញ្ហាអ្នកដទៃនេះ សូមជួយដោយស្មោះត្រង់ ប្រសើរជាងការជួយ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្ដែង ករណីក្មេងស្រីដើរលក់សណ្ដែកដីម្នាក់ នៅខេត្តព្រះសីហនុ ដែលត្រូវបានក្រុមអ្នកលក់ផលិតផលអនឡាញ ធ្វើវីដេអូ Prank បែបលេងសើច ដោយធ្វើឱ្យកំពប់សណ្ដែកដីពាសពេញលើដី កាលពីចុងខែកុម្ភៈ។ វីដេអូ Prank នេះ ត្រូវបានមហាជនបានរិះគន់លើក្រុមអ្នកលក់ផលិតផលអនឡាញ និងបង្ហាញអារម្មណ៍អាណិតអាសូរក្មេងស្រីម្នាក់នោះ យ៉ាងខ្លាំង។ ក្រោយផ្ទុះចលនារិះគន់នេះ ក៏មានសប្បុរសជនជាច្រើន បានទៅស្កាត់ជួបក្មេងស្រី នៅខេត្តព្រះសីហនុ ដោយនាំយកថវិកាជាច្រើនផង ទៅជួយដល់រូបនាង។ ក្នុងនោះ ក៏មានអ្នកលក់ផលិតផលឡេថែរក្សាស្បែកមួយក្រុម ទៅជួបសួរសុខទុក្ខក្មេងស្រី ហើយយកផលិតផលឡេរបស់ខ្លួន ដាក់តាំងបង្ហាញដោយប្រយោល ក្នុងវីដេអូជួបសួរនាំក្មេងស្រីទៅវិញ។ គោលបំណងទៅជួយក្មេងស្រី តែឆ្លៀតផ្សព្វផ្សាយពីផលិតផលខ្លួន ដូចពាក្យចាស់មួយឃ្លាពោលថា «ត្រីងៀតឆ្លៀតពង»។

សារព័ត៌មានមួយ បានលើកពី សុភាសិត «ត្រីងៀតឆ្លៀតពង» នេះ មានន័យថា ត្រី ដែលគេវះងៀតហើយ មិនអាចមានពងទៀតទេ , ឯពាក្យឆ្លៀតពង គឺសំដៅទៅលើការឆ្លៀតឱកាសកេងចំណេញរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការប្រើប្រាស់ឋានៈ តួនាទី និងសិទ្ធិអំណាចជាដើម ។ និយមន័យជារួម សុភាសិតនេះ ចង់សំដៅលើការប្រព្រឹត្តខុសពីច្បាប់បញ្ញត្តិ និងក្រមសីលធម៌ ក្នុងការងារ និងការរស់នៅ។ ឧទាហរណ៍ មានមន្ត្រីផ្ដល់សេវាសាធារណម្នាក់ ត្រូវបម្រើសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ និងស្មោះអស់ពីចិត្ត ប៉ុន្តែមន្ត្រីនោះ បែរជាលួចទារកម្រៃជើងសាររាល់ឯកសារនានាពីពលរដ្ឋ ដែលអនុវត្តផ្ទុយពីបទបញ្ញតិ។ នេះគឺជាទង្វើឆ្លៀតឱកាសរកប្រាក់ក្រៅផ្លូវការរបស់មន្ត្រីម្នាក់នោះ។

ឧទាហរណ៍មួយទៀត មន្ត្រីចុះវាស់វែងដីធ្លី ឬក្បាលដីជូនពលរដ្ឋ ក៏មិនទទួលបានប្រាក់កម្រៃ ឬលាភសក្ការទេ ប៉ុន្តែបើមន្ត្រីនោះ លួចទារលុយពីពលរដ្ឋ ជាថ្នូរនឹងការវាស់វែងនេះ គឺប្រព្រឹត្តខុសក្រមសីលធម៌ និងបញ្ញត្តិដែរ។

ងាកទៅករណីខាងលើវិញ បើអ្នកលក់ផលិតផលឡេថែរក្សាស្បែកមួយក្រុម ទៅជួបក្មេងស្រីលក់សណ្ដែកដី នៅក្នុងវីដេអូPrankនោះ ដោយគ្រាន់តែសួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត និងផ្ដល់ថវិកាលើកទឹកចិត្តក្មេងស្រី គឺជារឿងមួយគួរឱ្យស្ញប់ស្ញែង និងកោតសរសើរចំពោះសមានចិតុ្តរបស់ពួកគេ ។ ប៉ុន្តែបើជួបក្មេងស្រី ដោយភ្ជាប់ជាមួយបំណងទាញប្រយោជន៍ តាមរយៈការផ្សព្វផ្សាយពីផលិតផលឡេរបស់ខ្លួន ដោយប្រយោលទៅវិញនេះ គឺបង្ហាញពីទង្វើអសីលធម៌ និងកេងចំណេញពីក្មេងស្រីរងគ្រោះ។

សរុបមកវិញ សំណេរនេះ គ្មានបំណងហាមឃាត់សប្បុរសជន មិនឱ្យជួយពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះនោះទេ។ ការជួយគ្នាក្នុងគ្រាលំបាក គឺជាទង្វើដ៏ល្អឥតគណនាក្នុងសង្គម សូម្បីតែរដ្ឋាភិបាល ក៏លើកទឹកចិត្តឱ្យពលរដ្ឋ ចេះសាមគ្គីគ្នា រួបរួមគ្នា ជួយគ្នាទៅវិញទៅមក តាមរយៈពាក្យស្លោក «ខ្មែរជួយខ្មែរ»ទៀតផង។ ប៉ុន្តែសូមឱ្យសកម្មភាពជួយសង្គ្រោះអ្នកដទៃនេះ ជាទង្វើប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងសីលធម៌ ហើយចៀសវាងការឆ្លៀតឱកាសនិយម ដូចជា«ត្រីងៀតឆ្លៀតពង»។

ដល់ពេលនេះ ក៏សូមលើកអំពី  បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាតកុសលចុះក្នុងអត្ថថាកាត់ផ្តាច់នូវអកុសល ពាក្យថាបុណ្យកុសលរមែងប្រាសចាកលោភៈទោសៈមោហៈ តែងសម្បយុត្តិដោយបញ្ញាជានិច្ច ។

បុគ្គលឥតបញ្ញាធ្វើបុណ្យកុសលមិនបានល្អឡើយ ព្រោះតែងមានការប្រាថ្នាផលតបស្នងជាប់មកជាមួយ តែយ៉ាងណាក៏ល្អជាងអត់ធ្វើដែរ កុំចេះតែតិះដៀលអ្នកដែលគ្នាខំធ្វើហើយនោះពេកអី ដរាបណាការធ្វើបុណ្យគឺដើម្បីឲ្យអ្នកដទៃបានក្តីសុខតែម៉្យាង ដរាបនោះបុណ្យគឺបរិបូរណ៍ដោយបញ្ញាហើយ ។

អ្នកដែលកែប្រែឈប់ធ្វើអំពើបាប មិនត្រូវរំលឹកពីអំពើអាក្រក់នោះឡើងវិញឡើយ ព្រោះការរំលឹកម្តងគឺដូចជាបានធ្វើកម្មនោះឡើងវិញម្តង(ជវនសោយអារម្មណ៍ជាថ្មី៤៥០០០០ដង ម្តងទៀត) រំលឹកពីរដងដូចបានធ្វើកម្មនោះពីរដងដូច្នោះដែរ ។

បើជួបមនុស្សមានកំហុស សូមអនុញ្ញាតឲ្យគេបានកែប្រែកំហុសផង កុំយកអតីតកាលមកសង្កត់ឲ្យគ្នារើជំងឺចាស់ឡើងវិញ លោកនេះមិនមានមនុស្សដែលមិនធ្លាប់ធ្វើខុសនោះឡើយ ។ សូម្បីតែព្រះពោធិសត្វលោកក៏ធ្លាប់មានកំហុស ធ្លាប់ធ្លាក់នរក លោកលែងធ្វើខុសបានតែ៤៥ឆ្នាំក្រោយការត្រាស់ដឹងនេះប៉ុណ្ណោះ ព្រះមហាមោគ្គល្លានជាអគ្គមហាសាវ័កឆ្វេងក៏លោកធ្លាប់បានសម្លាប់មាតាបិតាក្នុងអតីតជាតិ ដែលផលកម្មតាមផ្តន្ទាលោក ជាតិណាក៏លោកត្រូវស្លាប់ដោយដាច់ព្រះសីសៈ(ដាច់ក្បាល)សូម្បីតែជាព្រះខីណាស្រពហើយក៏ដោយ ។

ជនណាសាងបាបនឹងសៅហ្មងដោយខ្លួនឯង ជនណាសាងបុណ្យនឹងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធមិនបរិសុទ្ធ ល្អក់ប៉ុណ្ណាថ្លាប៉ុណ្ណា គឺមានខ្លួនឯងជាអ្នកដឹង មិនមានអ្នកដទៃណាមកធ្វើឲ្យយើងសៅហ្មងឬបរិសុទ្ធបានឡើយ ។

បើយើងខ្លាចទុក្ខត្រូវខំកំចាត់ហេតុរបស់វាចោលចេញ កុំធ្វើអំពើបាបទាំងក្នុងទីវាលនិងក្នុងទីកំបាំង។ បុគ្គលមិនមែនថោកទាបព្រោះជាតិត្រកូលទេ ទាំងមិនមែនថ្លៃថ្នូរព្រោះតែជាតិត្រកូលដែរ ថោកទាបឬថ្លៃថ្នូរគឺនៅលើអំពើកម្មរបស់ខ្លួន។ ផលកម្មមិនដែលអត់អោនត្រាប្រណីដល់អ្នកប្រព្រឹត្តិម្តងណាឡើយ ទាំងក្នុងបច្ចុប្បន្ននិងអនាគត តុលាការកម្មមិនចេះសុីសំណូកជាដាច់ខាត ! ភាពសោកសៅដោយការស្តាយក្រោយនឹងតាមលងអ្នកគ្រប់ពេលវេលាសូម្បីតែក្នុងការយល់សប្តិ ទោះបីជាអ្នកមិនចេះឈឺចាប់ដោយវិប្បដិសារីយ៍ក៏ដោយ ។

ហេតុអីអ្នកធ្វើអំពើអាក្រក់មិនឃើញទទួលផលភ្លាមៗ? ត្រូវចាំថាកម្មនិងផលកម្មគឺសូន្យចាកគ្នា មានន័យថាវេលាកំពុងធ្វើកម្មគឺផលមិនទាន់ហុចឲ្យទេ ដល់ពេលផលហុចឲ្យគឺហុចឲ្យផ្ទួនៗគ្នានាំឲ្យវិនាសហិនហោចខ្លោចផ្សាស្លាប់ព្រាត់ប្រាសយ៉ាងវេទនាអស់ទៅ ។ សូម្បីទឹកក្អមគង់នឹងពេញដោយតំណក់ទឹក យ៉ាងណាមិញជនពាលសន្សំបាបបន្តិចម្តងគង់នឹងពេញដោយអំពើបាប ហើយឲ្យផលដូច្នោះដែរ ។

ប៉ុន្តែយើងទេដែលចេះតែចង់ឲ្យគេបានទទួលផលឆាប់ៗលើអំណាចកម្ម បាបមិនទាន់ឲ្យផលត្រឹមណាជនពាលរមែងចូលចិត្តថាអំពើបាបមានរសផ្អែមត្រឹមនោះ តែកាលណាបាបឲ្យផលហើយទើបជួបនូវសេចក្តីទុក្ខសមតាមផលកម្មរបស់ខ្លួន « អ្វីៗ កើតឡើងសុទ្ធតែមានហេតុផល វាមកដល់តាមពេលវេលាច្បាស់លាស់របស់វា »៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print