ភ្នំពេញ ៖ តាមរយៈព័ត៌មានផ្លូវការ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជូនអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឱ្យបានជ្រាបថា លោក KOJI GYOTOKU ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការ ដែលកុងត្រារបស់លោកមានរយៈពេល ១ឆ្នាំ។
តោះ! មកដឹងពីប្រវត្តិខ្លះៗ របស់លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 !
លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 ជាអតីតកីឡាករលេងឲ្យក្លិបអាល្លឺម៉ង់ Werder Bremen ពីឆ្នាំ១៩៨៧-១៩៨៩ ហើយធ្លាប់ធ្វើជាគ្រូបង្វឹកដឹកនាំក្រុមជម្រើសជាតិប៊ូតង់ ពីឆ្នាំ២០០៨-២០០៩ និងក្រុមជម្រើសជាតិនេប៉ាល់ ពីឆ្នាំ២០១៦-២០១៨។
លោកបានចាប់ផ្ដើមជាគ្រូបង្វឹករបស់សាលាបាល់ទាត់ជាតិបាទី និងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ ក្នុងឆ្នាំ ២០១៩។ ក្នុងអំឡុងពេលដឹកនាំ លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 បានសាងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ដោយជួយឲ្យកម្ពុជា យកឈ្នះ U18 ៤-៣ U18 ថៃ និង វៀតណាម ២-១ ក្នុងពានរង្វាន់ AFF U19 Championship កាលពីឆ្នាំ២០១៩ នៅឯប្រទេសវៀតណាម។
មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០១៩ ដដែល លោក GYOTOKU KOJI បានដឹងនាំក្រុមជម្រើសជាតិកំម្ពុជាU19 ឡើងទៅវគ្គចែកពូលនៃពានវង្វាន់ AFC U19 ASIAN CUP ក្នុងនាមជាក្រុមលេខពីរល្អ។
គួរបញ្ជាក់ថា សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 កម្ពុជា ស្ថិតនៅពូល J ជាមួយម្ចាស់ជើងឯកឆ្នាំចាស់ អារ៉ាប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី។ ប្រកួតបើកឆាក កម្ពុជា ប៉ះ លីបង់ នៅថ្ងៃទី៦ ខែកញ្ញា បន្ទាប់មក ប៉ះ ម៉ុងហ្គោលី នៅថ្ងៃទី៩ ខែកញ្ញា ហើយបន្តជួប អារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី១២ ខែកញ្ញា។
គួររម្លឹកថា ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup នេះ បង្តើតឡើងដំបូងក្នុងឆ្នាំ២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង ខណៈឆ្នាំនេះ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ជាម្ចាស់ការពារដំណែងជើងឯក។ “ទាំងអស់គ្នាដើម្បីកម្ពុជា” ៕
ដោយ ៖ សិលា