ភ្នំពេញ ៖ ការប្រកួតគំនូរនិងស្នាដៃស្ត្រី ត្រូវរៀបចំឡើងវិញ ដើម្បីជំរុញឲ្យក្មេងស្រីមានភាពក្លាហាន និងសម្រេច នូវក្តីសុបិនរបស់ខ្លួន។
ការប្រកួតគំនូរនិងស្នាដៃស្ត្រី ( Dream Girls Design Contest ) សម្រាប់ឆ្នាំ២០២៥ បានរកឃើញម្ចាស់ ពានរង្វាន់ចំនួន២៩នាក់ និងបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់នេះយ៉ាងអធិកអធម នៅសណ្ឋាគារ Novotel រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការសហការរៀបចំ ពីសំណាក់អ្នកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ ។
អ្នកស្រី WaKana Nukui ម្ចាស់កម្មវិធីបានថ្លែងថា ការប្រកួតគំនូរនិងស្នាដៃស្ត្រីក្នុងឆ្នាំ២០០៩ បានមើលឃើញថានៅប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនា។ ខណៈពេលនោះ អ្នកស្រីបាន ទទួលអារម្មណ៍រីករាយដោយស្នាមញញឹមរបស់ជនជាតិខ្មែរ និងប្រាសាទអង្គរវត្ត ធ្វើឲ្យអ្នកស្រីចង់បង្កើត ឱកាសដល់ក្មេងស្រីៗនៅប្រទេសកម្ពុជាឲ្យមានជីវភាពប្រសើរឡើង។
អ្នកស្រីបន្តថា ជំនាញរចនា គឺជាជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ ដើម្បីចូលរួមការងារនេះ អ្នកស្រីបានរៀបចំការប្រកួតគំនូរនិងស្នាដៃស្ត្រីតាំងពីឆ្នាំ២០១១ ហើយកម្មវិធីនេះ បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន។
លោកស្រី ហ៊ាង វត្តី ដែលជាអតីតម្ចាស់ជ័យលាភីមួយរូប ក្នុងកម្មវិធីប្រកួតនេះ ព្រមទាំងជាសហស្ថាបនិក រៀបចំកម្មវីធី បានសម្រេចនូវក្តីសុបិនរបស់ខ្លួន គឺបើកក្រុមហ៊ុនរចនាក្នុងឆ្នាំ២០១៦ ។ ទន្ទឹមនឹងនេះបេក្ខនារីជាច្រើន ក៏ទទួលបានស្នាដៃ និងពានរង្វាន់កម្រិតអន្តរជាតិ និងចាប់យកអាជីព រចនានេះ។ អ្វីដែលគួរឱ្យកត់សម្គាល់ ការប្រកួតគំនូរនិងស្នាដៃស្ត្រី ជំនាន់ទី១២ ក្នុងឆ្នាំ២០២៥នេះ រកឃើញម្ចាស់ពានរង្វាន់ចំនួន ២៩នាក់ ដូចជាពានរង្វាន់លេខ ១ ចំនួន ១នាក់ ពានរង្វាន់លេខ ២ ចំនួន ១នាក់ ពានរង្វាន់លេខ ៣ចំនួន ១នាក់ រង្វាន់La Corbeille ចំនួន ១នាក់ រង្វាន់យ៉ាម៉ាដា សាលាវិចិត្រ សិល្បៈចំនួន ៥នាក់ រង្វាន់កិត្តិយសចំនួន ៨ នាក់ រង្វាន់រៀលថាយហ្គើរចំនួន ១០ នាក់ រង្វាន់ពិសេសចំនួន ១ នាក់ និងរង្វាន់ការប្រកួតប្រជែងចំនួន ១ នាក់។
ក្នុងចំណោមស្មាដៃគំនូររបស់បេក្ខនារីជាច្រើនរូប ដែលបានចូលរួមប្រកួត ស្មាដៃគំនូរដែលរចនាដោយយុវតី ភាព វណ្ណេប្រានីកា ជាម្ចាស់ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់មួយ អមជាមួយទឹកប្រាក់ចំនួន ១០០០ ដុល្លារ ។ យុវតី សឿង សដានាថ ជាម្ចាស់ជ័យលាភីលេខ២ ទទួលបានពានរង្វាន់១ អមជាមួយទឹកប្រាក់ ៥០០ដុល្លារ និងយុវតី សន សុជាតា ជាម្ចាស់ជ័យលាភីលេខ ៣ ទទួលបានពានរង្វាន់មួយ អមជាមួយ ទឹកប្រាក់ ៣០០ ដុល្លារ។
ជាមួយគ្នានេះ យុវតីខ្មែរជាច្រើនរូបផ្សេងទៀតក៏បានទទួលជោគជ័យតាមរយៈការប្រកួតគំនូរ និងស្នាដៃស្រ្តី ផងដែរ ។ ដោយស្នាដៃរបស់ពួកគេត្រូវបានទទួលស្គាល់និងប្រើប្រាស់ក្នុងហាង Amazing Cambodia ទាំង៧ ដែលមានទីតាំងនៅផ្សារទំនើប AEON និងអាកាសយានដ្ឋានអន្តរជាតិផងដែរ ៕
ប្រភព ៖ «CCFR China state-controlled media »