ក្រសួងអប់រំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សាទីភ្នាក់ ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ.)តំណាងបណ្ឌិតសភា ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់បងារកម្ពុជាប្រឆាំងដូប៉ាអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី”ការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិកម្ពុជា” ដោយមានការចូល រួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា លោក លោកស្រី គ្រូឧទ្ទេស អ្នកសម្រប សម្រួលវគ្គ ជំនួយការសម្របសម្រួល និងសិក្ខា កាម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌ ដែលកើតឡើងក្រោយការរកឃើញថា មានការរំលោភលើវិធានប្រឆាំងដូពីង។ សិក្ខាកាមអាចស្វែងយល់និងទាញយកទិន្នន័យ និងពត៌មានមួយចំនួន ពី CADA Website និងអាចបន្តចែករំលែកពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ នៅក្នុងសហព័ន្ធ ឬអត្តពលិករបស់ខ្លួន ជាពិសេស សិក្ខាកាមអាចចូលរៀនតាមប្រព័ន្ធអនឡាញ និងទាញយកវិញ្ញាបនបត្រពីប្រព័ន្ធបានដោយខ្លួនឯង និងអាចបញ្ចូលព័ត៌មានលម្អិតអត្តពលកររបស់ខ្លួននៅក្នុងប្រព័ន្ធបាន។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក និងមន្ត្រីកីឡា មកពីសហព័ន្ធកីឡាជាតិគោលដៅចំនួន ៣៧នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងសន្ទរកថារបស់ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួចមក លោកស្រី រដ្ឋលេខាធិការប្រចាំការ បានកោតនសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តភារកិច្ចនេះបានល្អប្រសើរ ដូចជាការដោះស្រាយបញ្ហា និងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅប្រទេសបានជោគជ័យ។ 

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់ទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំអភិវឌ្ឍន៍ធ្វើកំណែទម្រង់ជាច្រើនដងនិងជាច្រើនឆ្នាំលើការបង្កើតទីភ្នាក់ងារជាតិប្រឆាំងដូប៉ានេះ ដែលសម្រេចបាននូវអនុក្រឹត្យចុងក្រោយលេខ ៩២ ចុះថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៤ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ដើម្បីបង្កើនប្រសិទ្ធភាពការងារ លោកស្រី រដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ដូចតទៅ៖ 

– សូមគណៈកម្មការជាតិអូឡាំពិកកម្ពុជា ធ្វើការសហការជិតស្និទ្ធជាមួយទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដូចជាការសហការជម្រុញលើកទឹកចិត្តជួយគាំទ្រ ការផ្តល់ពត៌មាន ប្រតិទិនការប្រកួតកម្រិតអន្តរជាតិ ដើម្បីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ារៀបចំផែនការអប់រំប្រឆាំងដូពីង និងធ្វើតេស្តលើប្រភេទកីឡាដែលត្រូវចូលរួមកម្រិតពិភពលោកនានាទាន់ពេលវេលា ពីព្រោះមុនអត្តពលិកចូលរួមកម្រិតពិភពលោក ឬកម្រិតអន្តរជាតិណាមួយត្រូវតែឆ្លងកាត់ការអប់រំប្រឆាំងដូពឹងជាមុន ទើបត្រឹមត្រូវតាមស្តង់ដាអន្តរជាតិ។

– ស្នើគ្រប់ភាគីពាក់ព័ន្ធ មានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណៈកម្មការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធជាតិ គ្រូបង្វឹក ជួយជម្រុញ នឹងបន្តយកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ ទៅដល់សហការរី និងនិងអ្នកពាក់ព័ន្ធក្នុងស្ថាប័នរបស់ខ្លួន ក្នុងការជួយដល់អត្តពលិករបស់យើងក្នុងការបំពេញតាមលក្ខខណ្ឌអន្តរជាតិ។

– អត្តពលិកកម្ពុជាកម្រិតខ្ពស់ ដែលត្រូវចេញទៅប្រកួតនៅSEAGAMES ប្រទេសថៃខាងមុខ ដាច់ខាតត្រូវតែមានវិញ្ញាបនប័ត្រADEL – E learning គ្រប់គ្នារួមទាំងគ្រូបង្វឹកផងដែរ ជាពិសេសត្រូវផ្តល់ពត៌មានលម្អិតរបស់អគ្គពលិកទៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលប្រឆាំងដូពីង Anti-Doping Administration Management system (ADAMS) ដែលត្រូវបញ្ចូលដោយទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដូចនេះសូមធ្វើការសហការគ្នា។

– សូមឱ្យទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគោលការណ៍ លិខិតបទដ្ឋាន និងឯកសារពាក់ព័ន្ធផ្សេងៗទៅដល់សហព័ន្ធកីឡា កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់តាមប្រព័ន្ធបណ្ដាញសង្គមនានា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គ្រូឧទ្ទេស គណៈគ្រប់គ្រងវគ្គ សិក្ខាកាម និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង និងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ជាពិសេសសូមយកនូវចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅប្រើប្រាស់ និងអនុវត្តលើសកម្មភាពជាក់ស្តែង ផ្សព្វផ្សាយឱ្យចំគោលដៅនិងមានប្រសិទ្ធភាព ក្នុងគោលដៅលើកស្ទួយកីឡាស្អាតស្អំនៅកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print